លីបង់៖ យ៉ាងហើចណាស់មានមនុស្សប្រាំពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសពីររបស់អ៊ីស្រាអែលទៅលើតំបន់ព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់កាលពីថ្ងៃពុធ។ ការវាយប្រហារនេះបានកើតឡើងនៅទីក្រុង Nabatieh ភាគខាងត្បូងប្រទេសលីបង់ គ្រួសារមួយមានគ្នា ៤ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារដោយមីស៊ីលដែលបាញ់ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល ដែលបានបំផ្លាញផ្ទះល្វែង និងបណ្តាលឱ្យមានការប្រេះស្រាំអាគារ និងដួលរលំអាគារជាច្រើនខ្នង ហេតុការណ៍វាយប្រហាររបស់អ៊ីស្រាអែលក៏បានបង្កឲ្យមានអ្នករបួស៧នាក់ផងដែរ។
នេះជាការវាយប្រហារធំទីពីរកាលពីថ្ងៃពុធ បន្ទាប់ពីការវាយប្រហារផ្លូវអាកាសលើកមុនមកលើទីប្រជុំជន al-Sawaneh បានសម្លាប់ម្តាយនិងកូនពីរនាក់។អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichai Adraee បានសរសេរនៅលើគណនីបណ្តាញសង្គម "X" របស់លោកថា យន្តហោះចម្បាំង IDF បានចាប់ផ្តើមបើកការវាយឆ្មក់យ៉ាងទូលំទូលាយនៅក្នុងប្រទេសលីបង់ ដែលជាវាយប្រហារដើម្បីតាមបោសសម្អាតក្រុមសកម្មជនហាម៉ាស់។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងការទម្លាក់គ្រាប់បែកបានពណ៌នាការវាយឆ្មក់នេះថាជាការសម្លាប់រង្គាលពលរដ្ឋស្លូតត្រង់ ពលរដ្ឋក្នុងតំបន់ក៏បានស្នើឲ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលមេត្តាញគិតគូដល់អាយុជីវិតជនស្លូតត្រង់ជាច្រើនពាន់នាក់ដែលកំពុងតែរស់នៅក្នុងតំបន់គោលដៅវាយប្រហាររបស់អ៊ីស្រាអែល។
លោក Tarek Mroweh អ្នកកាសែតក្នុងស្រុក និងជាអ្នករស់នៅក្នុងទីក្រុង Nabatieh បាននិយាយថា ពួកយើងស៊ាំនឹងការវាយប្រហារទាំងនេះដោយអ៊ីស្រាអែល ហើយវាមិនថ្មីទេ ប៉ុន្តែវាជាគោលដៅធំបំផុតរបស់ជនស៊ីវិលចាប់តាំងពីការផ្ទុះសង្រ្គាម និងជាលើកដំបូងនៅក្នុងទីក្រុង Nabatieh ចាប់តាំងពីវិបត្តិជាមួយអ៊ីស្រាអែលកាលពីឆ្នាំ ២០០៦មក”។
ថ្មីៗនេះព្រំដែនលីបង់-អ៊ីស្រាអែល បាននិងកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង ចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមប្រដាប់អាវុធលីបង់ Hezbollah បានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ឆ្ពោះទៅអ៊ីស្រាអែល ដើម្បីគាំទ្រការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែល ដែលជំរុញឱ្យអ៊ីស្រាអែល ឆ្លើយតបដោយការបាញ់កាំភ្លើងធំទៅកាន់តំបន់ភាគអាគ្នេយ៍នៃប្រទេសលីបង់វិញ៕