បាងកក៖ នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ នៅថ្ងៃ០៧កុម្ភៈ បានប្រកាសរួមគ្នាថានឹងខិតខំទាញមីយ៉ាន់ម៉ា ចូលក្នុងគ្រួសារអាស៊ានវិញ ហើយប្រឹងប្រែងបន្ថែមទៀត ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ជនរងគ្រោះដោយរដ្ឋប្រហារមីយ៉ាន់ម៉ា ដោយនឹងធ្វើការជាមួយអាស៊ានក្នុងពេលឆាប់ៗនេះ។ ការប្រកាសរួមគ្នានេះ ធ្វើឡើងក្នុងពេលសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្វើដំណើរបំពេញទស្សនកិច្ចរយៈពេញមួយថ្ងៃនៅប្រទេសថៃ។
ក្នុងសេចក្តីថ្លែងការណ៍រួមនោះ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា ប្រទេសថៃ និងកម្ពុជា ចង់ឃើញមីយ៉ាន់ម៉ា វិលត្រលប់ពេញលេញចូលមកកាន់គ្រួសារអាស៊ានវិញ។ ប្រទេសថៃ និងកម្ពុជា នឹងខិតខំរួមគ្នាដើម្បីរកដំណោះស្រាយចំពោះវិបត្តិនៅមីយ៉ាន់ម៉ា និងដំណើរការស្វែងស្ថេរភាព សន្តិភាពដល់ប្រទេសមួយនេះ បន្ថែមនេះនឹងផ្តល់ជំនួយមនុស្សធម៌ដល់ជនរងគ្រោះដោយរដ្ឋប្រហារមីយ៉ាន់ម៉ា ដោយធ្វើការជាមួយអាស៊ាន។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីថៃ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានដែលខិតខំដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាកន្លងមក ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ០៥ចំណុច (5PC)។ ដូច្នេះប្រទេសថៃ និងប្រទេសជាសមាជិកអាស៊ានទាំងអស់ នឹងខិតខំជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ០៥ចំណុចបន្តទៀត។
គួររម្លឹកថា អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ ដើម្បីស្វះស្វែងបញ្ចប់វិបត្តិមីយ៉ាន់ម៉ា។មីយ៉ាន់ម៉ា កំពុងជួបវិបត្តិនយោបាយផ្ទៃក្នុង និង ភាពច្របូកច្របល់អូសអន្លាយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធាទម្លាក់លោកស្រី អ៊ុង សានស៊ូជី កាលពីដើមខែ កុម្ភៈ ឆ្នាំ២០២១៕