ភ្នំពេញ៖ អង្គភាពបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ(ប.ស.ស) នៅថ្ងៃទី០៧កុម្ភៈ ទទួលបានប័ណ្ណសរសើរ ក្នុងសកម្មភាពចូលរួមបង្ការ អប់រំ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ ការផ្តល់ប័ណ្ណសរសើរជូនអង្គភាព ប.ស.ស. នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានអញ្ជើញទទួលប័ណ្ណសរសើរ ស្តីពីការបង្ការ អប់រំ ការចូលរួមវិភាគទានគាំទ្រដល់ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ប្រចាំឆ្នាំ២០២៣។
គួរបញ្ជាក់ឱ្យដឹងថា កន្លងមក រហូតមកដល់បច្ចុប្បន្ននេះ ប.ស.ស. បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការបង្ការ ការចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ជូនដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ពិសេសបងប្អូនកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងជារឿយៗ មកលើបងប្អូនកម្មករនិយោជិត ធ្វេីយ៉ាងណាឱ្យធ្លាក់មកនៅកម្រិតទាបបំផុត៕