កំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅចំណុច ភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើផ្លូវល្បឿនលឿន បានបណ្តាលឱ្យមនុស្សចំនួន៥នាក់ស្លាប់បាត់បង់ជីវិត និង ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ។ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី ៧ កុម្ភៈនេះ ទិសដៅពី ខេត្តព្រះសុីហនុ ទៅរាជធានីភ្នំពេញ ចន្លោះគីឡូម៉ែត្រលេខ ២០ ក្នុងខេត្ត កំពង់ស្ពឺ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រថយន្ត Alphat មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-6657 ជាប្រភេទ រថយន្តតាក់សុី បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ជាច្រើនជុំ នៅលើផ្លូវល្បឿនលឿន ទិសដៅពី ខេត្តព្រះសុីហនុ ទៅរាជធានីភ្នំពេញ។
លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើងនៅគីឡូម៉ែលេខ ២០ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើផ្លូវល្បឿនលឿន។បានបណ្ដាលឲ្យមនុស្សចំនួន០៥នាក់បានបាត់បង់ជីវិត និង ពីរនាក់រងរបួសធ្ងន់ធ្ងរ។លោកអភិបាលខេត្ត មានសេចក្តីរន្ធត់យ៉ាងខ្លាំងចំពោះហេតុការណ៍នេះ។
អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាបើកបរប្រកបដោយការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយមិនត្រូវ: វ៉ាជែងក្នុងស្ថានភាពមិនល្អ , គោរពល្បឿននៃការបើកបរ , មិនត្រូវបើកក្នុងស្ថានភាពដែលងងុយដេក ឬស្រវឹងឡើយ៕