ឈីលី៖ គិតត្រឹមថ្ងៃអង្គារនេះមានចំនួនប្រជាពលរដ្ឋនៅឈីលីស្លាប់កើនដល់ ១២៣នាក់ បន្ទាប់ពីមហន្តរាយភ្លើងឆេះដ៏ខ្លាំងបានវាយប្រហារតំបន់ Valparaiso កាលពីចុងសប្តាហ៍មុន។ ក្នុងនោះមានជនរងគ្រោះ ៣៣ នាក់ត្រូវបានកំណត់អត្តសញ្ញាណ។ អគ្គីភ័យបានឆាបឆេះកាលពីថ្ងៃសុក្រនៅកន្លែងផ្សេងៗគ្នាបានឆាបឆេះផ្ទៃដីជាង ១១,០០០ ហិកតា ហើយផ្ទះពី ៣,០០០ ទៅ ៦,០០០ ខ្នងបានរងការខូចខាតក្នុងកម្រិតផ្សេងៗគ្នា។
តំបន់ជុំវិញទីក្រុងទេសចរណ៍ឆ្នេរសមុទ្រ Vina del Mar គឺជាតំបន់រងគ្រោះខ្លាំងបំផុត ហើយក្រុមជួយសង្គ្រោះកំពុងតស៊ូដើម្បីទៅដល់តំបន់ដែលរងផលប៉ះពាល់ទាំងអស់។ មនុស្សប្រហែល ៣០ម៉ឺន នាក់រស់នៅទីនោះ ហើយយ៉ាងហោចណាស់មាន ១.៦០០ នាក់ត្រូវបានភ្លើងឆាបឆេះនិងរងការខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។
តំបន់ជាច្រើនត្រូវបានលេបត្របាក់ដោយអណ្តាតភ្លើង និងផ្សែង ដែលរារាំងអ្នកស្រុកពីការរត់គេចខ្លួន។ ក្រុមមន្ត្រីបាននិយាយថា មនុស្ស ២០០ នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួននៅក្នុងទីក្រុង និងតំបន់ជុំវិញនោះ។ ប្រទេសឈីលីបានចាប់ផ្តើមការកាន់ទុក្ខជាតិរយៈពេលពីរថ្ងៃសម្រាប់ជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃ។អាជ្ញាធរបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីបញ្ជូនកងទ័ពយោធា ដើម្បីជួយគ្រប់គ្រងភ្លើងពន្លត់ភ្លើង និងបញ្ជូនធនធានបន្ថែមទៅកាន់តំបន់ដែលកំពុងតែរងគ្រោះ។
នេះជាសោកនាដកម្មដ៏អាក្រក់បំផុតដែលបានវាយប្រហារប្រទេសឈីលីចាប់តាំងពីការរញ្ជួយដីកម្រិត ៨.៨ រ៉ិចទ័រ និងរលកយក្សស៊ូណាមិជាបន្តបន្ទាប់បានឆក់យកជីវិតមនុស្ស ៥២៥ នាក់ និងបានធ្វើឱ្យមនុស្ស ២៣ នាក់បាត់ខ្លួនក្នុងឆ្នាំ ២០១០ នេះបើតាមប្រធានាធិបតីឈីលី Gabriel Boric បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ។មូលហេតុនៃការឆេះនៅតែស្ថិតក្រោមការស៊ើបអង្កេតចំពេលមានរលកកំដៅដែលកំពុងបន្តវាយប្រហារប្រទេសឈីលីនៅរដូវក្តៅនេះ៕