ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិចបានប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ នាព្រឹកថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។
សាកលវិទ្យាល័យខេមតិច បាននឹងកំពុងបំពេញសកម្មភាពរបស់ខ្លួន ឱ្យស្របទៅតាមគោលបំណង និងទិសដៅជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាលនិស្សិតលើមុខជំនាញដែលគាំទ្រ ដល់ការអភិវឌ្ឍឧស្សាហកម្ម៤.០ និង បរិវត្តកម្មឌីជីថល ដែលផ្តោតសំខាន់លើសហគ្រិនភាព ការស្រាវជ្រាវ នវានុវត្តន៍ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍទាំងវិស័យរដ្ឋ និងឯកជន។ នៅក្នុងបរិបទនេះ ខេមតិចបានចុះអនុស្សរណៈយោគយល់ជាមួយស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនធំៗ ព្រមទាំង សាកលវិទ្យាល័យទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បី ជំរុញឱ្យមានការផ្លាស់ប្តូរនិស្សិត ចែករំលែកបទពិសោធន៍ក្នុងគោលដៅពង្រឹង និងលើកកម្ពស់គុណភាពអប់រំក្នុងកម្រិតមួយដែលអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតបាន ហើយសញ្ញាបត្រដែលចេញដោយខេមតិច នឹងត្រូវបានទទួលស្គាល់ជាលក្ខណៈសាកល ។
នៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៣-២០២៤នេះ បណ្ឌិតឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិចបានមានប្រសាសន៍ថាគោលបំណងចម្បងនៃកម្មវិធីបើកបវេសនកាលនេះគឺ (១)ស្វាគមន៍និស្សិតសម្រាប់ឆ្នាំសិក្សាថ្មី (២) ពង្រឹងទំនាក់ទំនងរវាងនិស្សិត សាស្រ្តាចារ្យ បុគ្គលិក ដៃគូឧស្សាកម្ម និងអាណាព្យាបាលនិស្សិត (៣) ប្រគល់បណ្ណសរសើរជូននិស្សិតឆ្នើម។
ថ្លែងនៅក្នុងកម្មវិធីបើកបវេនកាលនេះ លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ ចំពោះអ្នកចូលរួមទាំងអស់។ លោកបណ្ឌិតបានបញ្ជាក់ថា ការចូលរួមនេះគឺជាការឆ្លុះបញ្ចាំងពីគាំទ្រ និងឆន្ទៈរួមដំណើរដ៏មុតមាំដែលមិនអាចខ្វះបាន ជាមួយសាកលវិទ្យាល័យខេមតិច ក្នុងទិសដៅលើកកម្ពស់ការអប់រំឧត្តមសិក្សាប្រកបដោយគុណភាព។ លោកបានសង្កត់ធ្ងន់ថា «ការផ្តល់ការអប់រំដែលមានគុណភាព គឺជាកាតព្វកិច្ចនៃយើងទាំងអស់គ្នា»។
គួរបញ្ជាក់ផងដែរថា ខេមតិច គឺជាសាកលវិទ្យាល័យថ្មី ដែលមានមហិច្ឆតា «ប្រែក្លាយជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេនៅកម្ពុជា ដែលផ្តល់ការអប់រំផ្តោតលើមុខជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឬស្ទែម ប្រកបដោយឧត្តមភាព។
បច្ចុប្បន្ន សាកលវិទ្យាល័យខេមតិច ត្រូវបានទទួលស្គាល់ និងគាំទ្រលើគុណភាពនៃការបណ្តុះបណ្តាលពីសំណាក់រាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងសាធារណជនទូទៅយ៉ាងទូលំទូលាយ។ សាកលវិទ្យាល័យខមេតិច បានខិតខំពង្រីកកិច្ចសហប្រតិបត្តិការ និងភាពដៃគូជាមួយសាកលវិទ្យាល័យ និងក្រុមហ៊ុននានាទាំងនៅក្នុងប្រទេស តំបន់ និងពិភពលោក។ តាមរយៈកិច្ចសហប្រតិបត្តិការនានា និស្សិតនៃសាកលវិទ្យាល័យនេះ បានទទួលឱកាសផ្លាស់ប្តូរបទពិសោធន៍សិក្សា ការប្រកួតប្រជែង និងការហាត់ការងារនៅតាមបណ្តាក្រុមហ៊ុន និងសាកលវិទ្យាល័យជាដៃគូនៅក្នុងប្រទេស ដូចជា Canadia Group, OCIC Group, ISI Group ជាដើម និងនៅក្រៅប្រទេស រួមមាន ប្រទេសចិន ថៃ ម៉ាឡេស៊ី និងជាឥណ្ឌូនេស៊ី ជាដើម។
យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការគាំទ្រ កិច្ចសហការល្អ និងការផ្តល់គំនិតស្ថាបនាត្រឡប់របស់លោកនាយក/នាយិកា លោកគ្រូអ្នកគ្រូ លោក លោកស្រី និងនិស្សិតទាំងអស់ យើងនឹងអាចសម្រេចគោលដៅអប់រំដែលយើងចង់បាននាពេលអនាគត។