Cctimesw1140xh150cm copy

ពលរដ្ឋនិយមជិះរថយន្តក្រុងរបស់រដ្ឋ ដើម្បីកាត់បន្ថយការចំណាយ និងសុវត្តិភាព

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ សង្គេតឃើញថាមានប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សយ៉ាងច្រើន និយមក្នុងការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈជាប្រចាំថ្ងៃ ខណៈរថយន្តក្រុងបានជួយសម្រួលដល់ការចំណាយថវិកាបានច្រើន និងសុវត្តិភាពខ្ពស់ចំពោះសិស្សានុសិស្ស និងប្រជាពលរដ្ឋ។

អ្នកស្រី គង់ វត្ថា មានអាយុ ៧៨ឆ្នាំ ដែលតែងតែធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដើម្បីជូនចៅទៅសាលារៀន បានប្រាប់អ្នកសារព័ត៌មានសុីសុីថាមស៍ថា គាត់ភាគច្រើនធ្វើដំណើរតាមរថយន្តក្រុងជារៀងរាល់ថ្ងៃ ដោយសាររថយន្តក្រុងបានជួយផ្ដល់ដល់សុវត្តិភាពដល់គាត់ នឹងចៅស្រីក្នុងពេលធ្វើដំណើរទៅសាលារៀន។ ម្យ៉ាងទៀតការធ្វើដំណើរតាមរថយន្តក្រុង ក៏មាននូវម៉ាសុីត្រជាក់សម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្សថែមទៀតផង។

ចំពោះថវិកាវិញ គឺអ្នកស្រីមិនត្រូវបានបង់ប្រាក់ឡើយ ដោយសាររាជរដ្ឋាភិបាល បានអនុគ្រោះចំពោះអ្នកធ្វើដំណើរតាមរថយន្តក្រុងដែលមានវ័យចំណាស់ សិស្សនុសិស្ស និងកុមារតូចៗ ដោយមិនតម្រូវឲ្យបង់ប្រាក់ឡើយ។ ប្រសិនបើគាត់ធ្វើដំណើរតាមម៉ូតូ ឬកង់បី គឺគាត់មានការព្រួយបារម្ភច្រើននៃគ្រោះថ្នាក់ នៅពេលធ្វើដំណើរតាមដងផ្លូវ។ ដូចច្នោះហើយទើបគាត់សម្រេចចិត្តធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ។

ចំណែកអ្នកស្រី យុក គិមយន់ ដែលជាអាជីវករលក់ដូរនៅផ្សារអូរឬស្សី បានលើកឡើងថា គាត់ធ្វើដំណើរតាមរថយន្តក្រុងតាំងពីឆ្នាំ ២០១៦ រហូតដល់បច្ចុប្បន្ននេះ។ ការធ្វើដំណើរតាមរថយន្តក្រុង បានជួយសម្រួលដល់ការចំណាយថវិកាគាត់អស់តិច ហើយធានាបាននូវសុវត្តិភាពក្នុងពេលធ្វើដំណើរ និងចំណេញពេលមិនចាំបាច់ឲ្យកូនជូនមកគាត់ទៅវិញទៅមកឡើយ។ ហើយគាត់តែងតែធ្វើដំណើរតាមរថយន្តក្រុង ដើម្បីទៅលក់ដូរនៅផ្សារអូរឬស្សី។ ម្យ៉ាងទៀត អ្នកបើកបររថយន្តក្រុង គឺពួកគាត់មានក្រមសីលធម៌ល្អ និងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលបានធ្វើដំណើរលើរថយន្តថែមទៀតផង។

រីឯអ្នកស្រី ម៉ូល ណារ៉ុង ដែលជាកម្មកររោកចក្រ បានប្រាប់អ្នកសារព័ត៌មានសុីសុីថាមន៍ថា គាត់តែងធ្វើដំណើរតាមរថយន្តក្រុងពីផ្លូវជាតិលេខ ៣ ទៅកាន់មន្ទីរពេទ្យព្រះអង្គឌួង ជារៀងរាល់ចុងសប្ដាហ៍ ដើម្បីទៅពិនិត្យសុខភាព។ ប្រសិនបើថ្ងៃចន្ទ ដល់សុក្រ គាត់តែងធ្វើដំណើរតាមរថយន្តក្រុងទៅធ្វើការងារជារោងចក្រ នៅជិតគល់ស្ពានដីហុយ។

អ្នកស្រីបន្តថា កាលពីមុនគាត់ធ្លាប់ធ្វើដំណើរនៅតាមម៉ូតូ ដោយត្រូវពឹងឲ្យកូនជូនមកពេទ្យ និងទៅកន្លែងធ្វើការ ហើយពេលខ្លះក៏ត្រូវធ្វើដំណើរតាមកង់បី ដោយត្រូវចំណាយអស់ប្រាក់ច្រើន។ បន្ទាប់មកគាត់ក៏បានងាក់មកធ្វើដំណើរតាមរថយន្តក្រុងវិញ ដោយសារគាត់មិនមានថវិការគ្រប់គ្រាន់ក្នុងការចំណាយលើការធ្វើដំណើរតាមម៉ូតូប្រចាំថ្ងៃបាន។ ហើយការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ បានជួយសម្រួលដល់ថវិកាគាត់ កាត់បន្ថយការកកស្ទះចរាចរណ៍ និងការពារគ្រោះថ្នាក់ផ្សេងៗទៀតផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើននូវការយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្តិភាពចំពោះប្រជាជនកម្ពុជា ដែលធ្វើដំណើរតាមរថយន្តក្រុងទាំងអស់ ដោយសម្រេចមិនយកប្រាក់ចំពោះចាស់ជរា សិស្សនុសិស្ស និងកុមារតូចៗ ដើម្បីជួយសម្រួលដល់ការចំណាយ និងការផ្ដល់នូវសុវត្តិភាពដល់ប្រជាកម្ពុជាបន្ថែមផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង