Cctimesw1140xh150cm copy

រដ្ឋមន្រ្តីក្រសួងសុខាភិបាលទទួលបានគ្រឿងឥស្សរិយយសខ្ពស់បំផុតពីប្រទេសបារាំង

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី០១កុម្ភៈ ឆ្នាំ២០២៤ ទទួលគ្រឿងឥស្សរិយយស ឡា ឡេស្យុង ដោនើរ ថ្នាក់អស្សឫទ្ធិ ពីលោក ហ្សាក់ រ៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។ ពិធីបំពាក់គ្រឿងឥស្សរិយយស នេះបង្ហាញពីចំណងមិត្តភាពដ៏ស្អិតរមួតរវាងប្រទេសបារាំង និងកម្ពុជាក្នុងវិស័យសុខាភិបាល ជាពិសេសក្នុងវិស័យមន្ទីរពេទ្យ តាមរយៈតួនាទីប្រកបដោយការទទួលខុសត្រូវរបស់លោក ឈាង រ៉ា នៅមន្ទីរពេទ្យកាល់ម៉ែត។

បើតាមក្រសួងសុខាភិបាល ឡា ឡេស្យុង ដោនើរ គឺជាគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមជាងគេបំផុតរបស់ប្រទេសបារាំង ដែលត្រូវបានបង្កើតឡើងដោយព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត កាលពីឆ្នាំ១៨០២។ គ្រឿងឥស្សរិយយសនេះអាចប្រគល់ជូនជនបរទេសដែលបានបំពេញការងារសម្រាប់ប្រទេសបារាំង ឬបានលើកស្ទួយបុព្វហេតុនានា ដែលប្រទេសបារាំងការពារ។

លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីស្នាដៃរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានរួមចំណែកលើកកម្ពស់ចំណងទាក់ទងដ៏ស្អិតរមួតរវាងប្រទេសបារាំង និងកម្ពុជាក្នុងវិស័យសុខាភិបាល ជាពិសេសក្នុងវិស័យមន្ទីរពេទ្យ តាមរយៈតួនាទីប្រកបដោយការទទួលខុសត្រូវរបស់ឯកឧត្តមនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ មន្ទីរពេទ្យកាល់ម៉ែតត្រូវបានជ្រើសរើសជាមន្ទីរពេទ្យបង្អែកថ្នាក់ជាតិ ដើម្បីទទួលជំនួយពីប្រទេសបារាំងលើការកសាងប្រព័ន្ធមន្ទីរពេទ្យឡើងវិញ។ លោក ឈាង រ៉ា បានបំពេញការងារនៅមន្ទីរពេទ្យកាល់ម៉ែតរយៈពេលជាង២៥ឆ្នាំ ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០២៣ ដំបូងក្នុងនាមជាអគ្គនាយករង និងបន្ទាប់មកជាអគ្គនាយក។

ក្នុងឱកាសនោះ លោក ឈាង រ៉ា បានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលបានគាំទ្រយ៉ាងមោះមុត និងឥតងាករដល់វិស័យសុខាភិបាលកម្ពុជា។ ការរីកចម្រើនដែលសម្រេចបានគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួម ហើយវាក៏ជាមោទនភាពរួមផងដែរ។ ជាងនេះទៅទៀត លោកសង្ឈឹមជឿជាក់លើការជួយជ្រោមជ្រែងពីអ្នកជំនាញបារាំងដើម្បីបន្តកិច្ចសហប្រតិបត្តិការសុខាភិបាលមួយដោយ «រលូន និងទំនុកចិត្ត»។

គួរបញ្ជាក់ថា ប្រទេសបារាំងបានប្រឹងប្រែងយ៉ាងខ្លាំង ទាំងផ្នែកធនធានមនុស្ស បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការពង្រឹងវិស័យសុខាភិបាលសាកល ដើម្បីឆ្លើយតបគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ បច្ចុប្បន្ន នៅប្រទេសកម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសបារាំងសម្តែងឡើងតាមរយៈការគាំទ្រដល់ការបណ្តុះបណ្តាលនិស្សិតពេទ្យ ដោយជាមធ្យមនិស្សិត៧០នាក់ចេញទៅប្រទេសបារាំងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងជំនាញឯកទេសនៅតាមបណ្តាមន្ទីរ ពេទ្យបារាំង។

ក្រៅពីនេះ កិច្ចសហប្រតិបត្តិការត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌភាពជាដៃគូរវាងសាកលវិទ្យាល័យបារាំង និងសាកលវិទ្យាល័យកម្ពុជា និងតាមរយៈការដាក់អ្នកជំនាញបច្ចេកទេសអន្តរជាតិនៅតាមសា្ថប័នសុខាភិបាលសំខាន់ៗ។ ប្រទេសបារាំងក៏ចូលរួមយ៉ាងសកម្មផងដែរ ក្នុងការស្រាវជ្រាវផ្នែកសុខភាពសាធារណៈ ជាពិសេស តាមរយៈស្ថាប័នស្រាវជ្រាវបារាំង ក្នុងនោះមានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) វិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍ (IRD) ទីភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ ជំងឺថ្លើម និងជំងឺឆ្លងថ្មីៗ (ANRS/MIE) និងមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិស្រាវជ្រាវផ្នែកក្សេត្រសាស្ត្រសម្រាប់អភិវឌ្ឍន៍ (CIRAD)៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង