ភ្នំពេញ៖ ក្រុមឥសីវ៉ូលេ សហការជាមួយនឹងកម្មវិធីកិត្តិសព្ទកម្ពុជា និងគាំទ្រដោយ សហភាពសហព័ន្ធយុវជនកម្ពុជា កំពុងធ្វើការជ្រើសរើសយុវជនដែលមានអាយុចន្លោះ ១៨ ដល់ ៣៥ ឆ្នាំដើម្បីចូលរួមបណ្តុះបណ្តាលល្ខោននិយាយលើឆាក។
បើតាមឆាណែតតេលេក្រាមនៃ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមឥសីវ៉ូលេ បានបង្កើតកម្មវិធីបណ្តុះបណ្តាលនេះឡើងក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់យុវជន បានឈ្វេងយល់ពីមូលដ្ឋានគ្រឹះនៃការសម្តែងល្ខោននិយាយ ដើម្បីអាចពង្រឹងសមត្ថភាពបន្ថែមទៀត ដែលអាចចូលរួមចំណែកក្នុងការបណ្តុះធនធានសិល្បករ ផ្នែកសម្តែងល្ខោន ប្រកបដោយក្រមសីលធម៌ដោយឈរលើមូលដ្ឋានចំណេះជំនាញ។ បន្ថែមពីនេះ ការធ្វើបែបនេះ គឺក្នុងគោលបំណងក្នុងការបណ្តុះស្មារតីនៃការស្រឡាញ់វប្បធម៌ដូនតា ដែលជាដួងព្រលឹងជាតិ។
គួរបញ្ជាក់ផងដែរថា ដើម្បីអាចចូលរួមវគ្គបណ្តុះបណ្តាលនេះបាន បេក្ខជនត្រូវមានអាយុចន្លោះ ១៨ ទៅ ៣៥ ឆ្នាំ ដែលមានការប្រកាន់ខ្ជាប់សីលធម៌ខ្ពស់ សុជីវធម៌ និងគោរពតាមលក្ខខណ្ឌនៃកម្មវិធី សាកសម្តែង ។ ឯកសារដែលត្រូវមាន គឺ ប្រវត្តិរូបសង្ខេប និងភ្ជាប់មកនូវសំណេរអំពី តួនាទីរបស់យុវជន និងវប្បធម៌ ប្រមាណ ២ ទំព័រផងដែរ។
ប្រសិនបើយុវជនមានចំណាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះឱ្យបានមុនថ្ងៃ ១៥ កុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៩ យប់ ដោយធ្វើការផ្ញើឯកសារទៅកាន់តេលេក្រាម https://t.me/rith_069 ឬ ចូលទៅកាន់តំណភ្ជាប់ https://forms.gle/ZcxnN5XLysg2YQJ67 ។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់ 069 25 35 45។
កម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងជាលើកទី៤ ហើយ ដោយក្រុមឥសីវ៉ូលេ ការជាមួយកម្មវិធីកិត្តិសព្ទកម្ពុជា និងទទួលបានការគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំនូវកម្មវិធី «សាកសម្ដែង» សម្រាប់យុវជន សិស្សនិស្សិត ដែលចាប់អារម្មណ៍ចង់ស្វែងយល់ពីមូលដ្ឋានគ្រឹះក្នុងការសម្ដែងទម្រង់សិល្បៈល្ខោននិយាយ៕