ភ្នំពេញ៖ អង្គការមូលនិធិកុមារកម្ពុជា នាថ្ងៃទី៣០ មករា នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន អេ អាយ អេ (AIA) ដើម្បីសហការគាំទ្រដល់ការអប់រំ និងឱកាសអភិវឌ្ឍន៍សម្រាប់យុវជនកម្ពុជា។ ពិធីចុះហត្ថលេខាជាផ្លូការលើអនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានប្រកាសធ្វើឡើងវិទ្យាល័យរបស់ ស៊ីស៊ីអេហ្វ ដែលមានឈ្មោះថា Neeson Cripps Academy។
អេ អាយ អេ នឹងផ្តល់នូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីគាំទ្រដល់បេសកកម្មរបស់អង្គការមូលនិធិកុមារកម្ពុជា ក្នុងការផ្តល់ឱកាសសិក្សា និងអភិវឌ្ឍន៍ដល់កុមារក្រីក្រ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ផ្នែកសំខាន់នៃភាពជាដៃគូនេះគឺក្រុមហ៊ុន អេ អាយ អេ នឹងផ្តល់អាហារូបករណ៍សិក្សា ថ្នាក់សាកលវិទ្យាល័យកំរិតបរិញ្ញាប័ត្រដល់សិស្សមកពីអង្គការមូលនិធិកុមារកម្ពុជា។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនអេអាយអេ នឹងឧបត្ថម្ភសិស្សនិសិត្ស៤រូបដោយធានារ៉ាប់រងលើការចំណាយទាំងអស់រួមមាន ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃរស់នៅ មធ្យោបាយធ្វើដំណើរ និងការចំណាយផ្សេងៗទៀត។ ជាពិសេស ក្រុមហ៊ុនបានផ្ដល់សិទ្ធិ ឱ្យអង្គការមូលនិធិកុមារកម្ពុជា ជ្រើសរើសសិស្សទាំងបួនរូបនោះ។ នៅក្នុងនោះ សិស្សចំនួនពីរនាក់ត្រូវបានជ្រើសរើស នៅឆ្នាំ ២០២៤ ពីរនាក់បន្ថែមទៀតនៅឆ្នាំ ២០២៥ ។
លោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុនអេអាយអេ មានវប្បធម៌ និងគុណតម្លៃស្រដៀងគ្នាទៅនឹងអង្គការមូលនិធិកុមារកម្ពុជា ហើយការប្ដេជ្ញាចិត្តរបស់ពួកគេចំពោះយុវជនកម្ពុជាគឺស្របគ្នានឹងបេសកកម្មរបស់អង្គការមូលនិធិកុមារកម្ពុជា។ លោកបានបញ្ជាក់ថា កុមារគ្រប់រូប សមនឹងទទួលបានការអប់រំប្រកបដោយគុណភាព និងឱកាសឆ្ពោះទៅរកអនាគត ដ៏ភ្លឺស្វាង។ ពួកគេសុទ្ធសឹងតែមានសមត្ថភាព និងពោរពេញដោយសក្តានុពល ប្រសិនបើពួកគេទទួលបានការអប់រំ និងការផ្គត់ផ្គង់មើលថែដ៏ត្រឹមត្រូវ។
សូមជម្រាបថា ការចំណាយសរុបនៃអាហារូបករណ៍មាន ទឹកប្រាក់ចំនួន ៤១,២០០ដុល្លាអាម៉េរិក ។ អាហារូបករណ៍នេះនឹងផ្ដល់ផលជាវិជ្ជមានទៅដល់ សិស្សនិសិ្សតរបស់អង្គការមូលនិធិកុមារកម្ពុជា និងជាប្រយោជន៍ដ៏យូរអង្វែងរបស់ពួកគេ និងអនាគតដ៏ភ្លឺស្វាង៕