ឡាវ៖ របបយោធាមីយ៉ាន់ដែលបានដកខ្លួនមិនចូលរួមកិច្ចប្រជុំអាស៊ានតាំងពីឆ្នាំ ២០២១ មកនៅថ្ងៃ ច័ន្ទ ២៩ ខែមករានេះបានសម្រេចចិត្តបញ្ចូនមន្រ្តីការទូតរបស់ខ្លួនទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានលើកទី១ដែលកំពុងតែប្រារព្ធនៅក្នុងប្រទេសឡាវ។ ការបញ្ចូនមន្រ្តីរបស់ខ្លួនទៅប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននេះធ្វើឡើងចំពេលដែលវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងតែឈានដល់បន្ទាត់ក្រហម។
លោក ឧត្តមសេនីយ មីន អ៊ុនឡាងដែលកំពុងកាន់អំណាចក្នុងរបបយោធាមីយ៉ាន់ម៉ាត្រូវបានខកខានក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ានជុំវិញការបរាជ័យរបស់របបយោធាមីយ៉ាន់ម៉ាក្នុងការអនុវត្តផែនការសន្តិភាពក្នុងប្រទេសនិងធ្វើរដ្ឋប្រហារទម្លាក់លោកស្រីអ៊ុងសាន សូជី។ អាស៊ានមានគោលនយោបាយអញ្ជើញមីយ៉ាន់ម៉ាឱ្យបញ្ជូនអ្នកតំណាង "មិននយោបាយ" ជំនួសវិញ ប៉ុន្តែរបបយោធាបានបដិសេធក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយខឹងសម្បារចំពោះអាស៊ានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោក Retno Marsudi បានអះអាងថា អាស៊ានមិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនទេ ហើយអាស៊ានក៏នៅតែរក្សាជំហរអំពាវនាវឲ្យមីយ៉ាន់ស្វែងរកការចចារបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេសតាមដែលអាចធ្វើទៅបាន។ លោក Retno កាលពីឆ្នាំមុនបានដឹកនាំកិច្ចខិតខំប្រឹងប្រែងនៅពីក្រោយឆាកអាស៊ានដើម្បីព្យាយាមចាប់ផ្តើមការសន្ទនារវាងភាគីសង្រ្គាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាកន្លែងដែលកងជីវពលគាំទ្រលទ្ធិប្រជាធិបតេយ្យសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលស្រមោល និងកងទ័ពជនជាតិភាគតិចបានធ្វើការបះបោរប្រឆាំងនឹងរបបយោធា។រដ្ឋាភិបាលយោធាបានបដិសេធមិនចូលរួមក្នុងកិច្ចសន្ទនាជាមួយនឹងលោកដោយអះអាងថាអាស៊ានមានចេតនាចង់ជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងប្រទេសដទៃ។
គួរបញ្ចាក់ថាប្រទេសមីយ៉ាន់ម៉ាបានជាប់គាំងក្នុងវិបត្តិក្នុងស្រុកចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ ដោយមានមនុស្សយ៉ាងតិចពីរលាននាក់ត្រូវបានផ្លាស់ទីលំនៅ និងបានសម្លាប់ដោយការប្រយុទ្ធគ្នា ហើយក្រុមសិទ្ធិមនុស្សបានចោទប្រកាន់របបយោធាពីការប្រើប្រាស់កម្លាំងហួសហេតុ និងអំពើសម្លាប់អ្នកប្រឆាំងរបស់ខ្លួនយ៉ាងឃោរឃៅ៕