យេម៉ែន៖ ក្រុមឧទ្ទាមហូទី របស់ប្រទេសយេម៉ែនបានអះអាងថាក្រុមរបស់ខ្លួនបានបើកនូវការវាយប្រហារដោយមីស៊ីលលើនាវាដឹកប្រេងអង់គ្លេសនៅឈូងសមុទ្រ Aden ដែលបានធ្វើឲ្យកប៉ាល់អង់គ្លេសឆាបឆេះហើយនេះក៏ជាការវាយប្រហារចុងក្រោយបំផុតលើការដឹកជញ្ជូនអន្តរជាតិឆ្លងកាត់តំបន់ក្រុមហូទីដែលគាំទ្រដោយអ៊ីរ៉ង់។
អ្នកនាំពាក្យយោធារបស់ក្រុមលោកហូទីលោក Yahya Saree បានអះអាងថានាវាដឹកប្រេងរបស់អង់គ្លេស ឈ្មោះ Marlin Luanda ត្រូវបានវាយប្រហារដោយមីស៊ីលដែលត្រូវបានបាញ់ដោយកងកម្លាំងជើងទឹកយេម៉ែន។លោកបានបន្ថែមថា៖ «ហើយការវាយប្រហារបានបណ្តាឲ្យឆេះកប៉ាល់ដឹកប្រេងរបស់អង់គ្លេស»។
កងកម្លាំងអាម៉េរិក និងអង់គ្លេស បានចាប់ផ្តើមបើកការវាយប្រហាររួមគ្នាចំនួនពីរលើក ក្នុងគោលបំណងការពារសន្តិភាពក្នុងតំបន់សមុទ្រ Aden ដែលក្រុមហូទីគាំទ្រដោយអ៊ីរ៉ង់តែងតែបើកការវាយប្រហារលើការដឹកទំនិញផ្សេងៗតាមច្រកសមុទ្រ Aden ទីក្រុងវ៉ាស៊ីនតោនក៏បានធ្វើការវាយឆ្មក់តាមអាកាសជាបន្តបន្ទាប់ ប៉ុន្តែក្រុមហូទីនៅតែមិនខ្លាចរអាហើយព្យាយាមវាយបកទៅកាន់អាម៉េរិក និងអង់គ្លេសវិញ។ ក្នុងឧបទ្ទវហេតុពាក់ព័ន្ធនឹងនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ក្រុមហូទី បានបាញ់មីស៊ីលផ្លោងប្រឆាំងនាវាពីប្រទេសយេម៉ែនឆ្ពោះទៅកាន់នាវាពិឃាត USS Carney នៅឈូងសមុទ្រ Aden ក៏ប៉ុន្តែមីស៊ីលទាំងនោះត្រូវបានបាញ់ទម្លាក់ដោយជោគជ័យដោយក្រុមទាហានអាម៉េរិក USS Carney៕