បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានធ្វើកំណែទម្រង់ច្បាប់ឲ្យលោក Pita Limjaroenrat ប្រធានបក្សឆ្ពោះទៅមុខចូលបម្រើក្នុងនយោបាយថៃសារជាថ្មី ក្រោយតុលការថៃមិនបានរកឃើញភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់លោកភិថាកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។តុលាការធម្មនុញ្ញបានកាត់ក្តីដោយសម្លេងចំនួនប្រាំបីទល់នឹងមួយថាលោក ភិថា មិនបានបំពានច្បាប់ដែលហាមឃាត់សមាជិកសភាពីការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមឡើយ។
ករណីទាក់ទងនឹងភាគហ៊ុនក្នុងស្ថានីយទូរទស្សន៍ ITV ដែលឈប់ដំណើរការជាយូរមកហើយលោក ភិថា បានអះអាងថាលោកទទួលមរតកពីឪពុករបស់លោកដែលស្លាប់តែប៉ុណ្ណោះដោយលោកមិនមានពាក់ព័ន្ធទៅនិងភាគហ៊ុនក្នុងស្ថានីយទូរទស្សន៍ ITV ឡើយ។ លោកចៅក្រម Punya Udchachon បានអះអាងថា "ទូរទស្សន៍ ITV មិនដំណើរការជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទេ ហើយការចោទរបស់តុលាការមិនអាចយកជាការបានឡើយដោយសារមិនមានភស្តុតាងច្បាស់លាស់។
យ៉ាងណាមិញបន្ទាប់ពីត្រូវបានតុលាការរំសាយការចោទប្រកាន់រូបលោកភិថាពាក់ព័ន្ធទៅហ្នឹងការកាន់កាប់ភាគហ៊ុនក្នុងស្ថានីយទូរទស្សន៍ ITV អ្នកគាំទ្រជាច្រើនបាននាំគ្នាសម្តែងការសប្បាយរីករាយជាខ្លាំងក្នុងការវិលត្រឡប់ចូលឆាកនយោបាយសារជាថ្មីរបស់លោកភិថា។
គួរបញ្ចាក់ថាលោកភិថាមានវ័យ ៤៣ ឆ្នាំបានដឹកនាំគណបក្ស Move Forward Party (MFP) បានឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតនាយករដ្ឋមន្រ្តីកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានរារាំងមិនឱ្យក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ពីរូបលោកត្រូវបានព្យួរតំណែងជាសមាជិកសភាកាលពីខែកក្កដាជុំវិញនៃការជាប់ចោទពីបទមានភាគហ៊ុនក្នុងបណ្តាញសារព័ត៌មានថៃជាច្រើន៕