681 ezgif.com resize
Swift cc time

ជនជាតិអាម៉េរិកម្នាក់ឱ្យកូនរៀន«ភាសាខ្មែរ»ព្រោះចង់ឱ្យកូនក្លាយជាធនធានរបស់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក យូរ៉ាយ និងគ្រួសារ

ភ្នំពេញ៖ លោក យូរ៉ាយ ជាជនជាតិអាម៉េរិកម្នាក់ កាលពីពេលថ្មីៗនេះ បានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម អំពីការឱ្យកូនស្រីទាំងពីរបស់លោកចូលសិក្សានៅសាលាខ្មែរ។ការជំរុញនេះ ព្រោះចង់ឱ្យពួកគេចេះភាសាខ្មែរ និង ក្លាយជាធនធានមួយរបស់កម្ពុជា ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា។

នៅក្នុងវីដេអូជិត៤នាទី លោក យូរ៉ាយ បានគូសបញ្ជាក់ថា លោកឱ្យកូនស្រីរបស់លោក ចូលសិក្សានៅសាលាខ្មែរ ដើម្បីឱ្យពួកគេមានឱកាសបានសិក្សាភាសាខ្មែរ។ក្នុងនាមលោកជាជនជាតិអាម៉េរិក និង មានសញ្ជាតិខ្មែរ លោកចង់ឃើញកម្ពុជាមានការអភិវឌ្ឍន៍ ហើយកូនរបស់លោកធំធាត់នៅកម្ពុជា និង ក្លាយជាធនធានមួយដើម្បីជួយអភិវឌ្ឍប្រទេសជាតិ ទើបលោកបានឱ្យពួកគេរៀនភាសាខ្មែរ។

លោក យូរ៉ាយ លើកទឹកចិត្តជនជាតិខ្មែរ ជាពិសេសយុវជន សូមបញ្ឈប់ការសរសេរអក្សរឡាតាំង នៅតាមបណ្ដាញសង្គម។ ការចេះភាសាអង់គ្លេសជាការល្អប្រសើរ ប៉ុន្ដែក្នុងនាមជាជនជាតិខ្មែរ គួរតែសរសេរជាភាសាខ្មែរ។ ជាពិសេស ប្រទេសជាតិមិនអាចអភិវឌ្ឍបាននោះទេ បើពលរដ្ឋកន្លះប្រទេសចេះភាសាអង់គ្លេស និង កន្លះប្រទេសទៀតចេះភាសាខ្មែរ ដែលធ្វើឱ្យពិបាកនិយាយគ្នា និងពិបាកក្នុងការធ្វើការអភិវឌ្ឍប្រទេសជាតិជាមួយគ្នា។

ជនជាតិអាម៉េរិក សញ្ជាតិខ្មែររូបនេះ បានបន្ដថា អ្នកមានសមត្ថភាព និងមានថវិកាទៅសិក្សានៅសាលាអន្ដរជាតិ សូមកុំបំភ្លេចអក្សរសាស្ដ្ររបស់ខ្លួន។ នៅពេលធំធាត់ឡើង ពួកគេអាចអត់សមត្ថភាពក្នុងការផ្ដល់ចំណេះដឹង ក៏ដូចជាបង្ហាត់បង្រៀនដល់អ្នកជំនាន់ក្រោយ បាននោះទេ ជាពិសេសអ្នកគ្មានឱកាសសិក្សាភាសាអង់គ្លេស។

សូមបញ្ជាក់ថា លោក យូរ៉ាយ បានចូលសញ្ជាតិខ្មែរ កាលពីឆ្នាំ២០២២ បន្ទាប់បានរស់នៅកម្ពុជា តាំងពីឆ្នាំ២០០៣ មក។ ហើយកូនស្រីទាំងពីររបស់លោក ដែលជាកូនកាត់ជប៉ុន-អាម៉េរិក ក៏ត្រៀមស្នើរសុំសញ្ជាតិខ្មែរ ផងដែរ។ កាលពីពេលថ្មីៗនេះ លោក យូរ៉ាយ ក៏ទទួលបានអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលជាជំហានមួយទៀតដើម្បីទទួលបានលិខិតឆ្លងដែន និងក្លាយប្រជាពលរដ្ឋខ្មែរពេញលេញ៕

Khcct banner

អត្ថបទទាក់ទង