សៀមរាប៖ អ្នកបច្ចេកទេស អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលពង្រឹងតួប្រាសាទឥដ្ឋចំនួន២ ក្នុងបិវេណកសិន្ធុទី២ របស់ប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមខ្លាំង ដើម្បីថែរក្សាប្រាសាទ ដែលមានអាយុកាលជាង១០០០ឆ្នាំទាំងនេះ ឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត។
អ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួប្រាសាទឥដ្ឋចំនួន២ តួទី១៣នៅទិសអាគ្នេយ៏ និងតួទី២២នៅខាងត្បូង ក្នុងបិវេណកសិន្ធុទី២ របស់ប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមខ្លាំង។
ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេស បានប្រមូលបំណែកឥដ្ឋដែលបាក់បែកនិងពុកផុយ មករៀបផ្គុំពង្រឹងឡើងវិញ ព្រមទាំងបិទបាយអតាមចន្លោះប្រហោងដើម្បីការពារជម្រាបទឹក និងធ្វើការចងក្រៀក ទល់ទ្រ ផ្នែកដែលប្រេះហែកចេញពីគ្នាឱ្យមានលំនឹងឡើងវិញ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាអនុវត្តន៏ជាប្រចាំ ដើម្បីថែរក្សាប្រាសាទជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំទាំងនេះ ឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត៕