កែប៖ តាមដងមហាវិថី សួន និងផ្លូវនានាក្នុងទីក្រុងកែប ខេត្តកែប ត្រូវបានរដ្ឋបាលក្រុងកែបរៀបចំតម្លើងទង់ជាតិកម្ពុជា ហើយទម្លាក់ស្លាកស្រាបៀនានាចេញ។សកម្មភាពនេះ គឺដើម្បីអនុវត្តតាមបទបញ្ជារបស់ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។
លោក សោម ពិសិដ្ឋ ធ្លាប់បានដាក់បទបញ្ជាដល់អាជ្ញាធរក្នុងខេត្តកែប ត្រូវរៀបចំដាក់ទង់ជាតិកម្ពុជា នៅតាមទីសាធារណៈក្នុងខេត្ត ប៉ុន្តែថ្មីៗក្នុងក្រុងកែប បានតម្លើងស្លាកស្រាបៀដោយមិនបានជូនដំណឹងមកលោកអភិបាល ដោយអនុវត្តតាមច្រកចេញចូលតែមួយ ខណៈចំណូលគឺចូលរដ្ឋធម្មតា។ស្លាកស្រាបៀនេះ បានរងការរិះគន់ជាខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គម និងចាត់ទុកថា ជាដើមចមដែលនាំឱ្យគ្រោះថ្នាក់ចរាចរណ៍កើនឡើងប្រចាំថ្ងៃបាត់បង់សេដ្ឋកិច្ចជាតិជាដើម។
ក្រោយការរិះគន់ អភិបាលខេត្តកែប នៅថ្ងៃទី ២១ មករានេះ បានចេញបទបញ្ជាឱ្យរដ្ឋបាលក្រុងកែបរុះរើចេញនៅស្លាកយីហោស្រាបៀ ក្នុងក្រុងកែបចេញទាំងអស់ ហើយដាក់ជំនួសមកវិញនូវទង់ជាតិរបស់ប្រទេសកម្ពុជា ក្នុងន័យលើកតម្កើនជាតិរបស់ខ្លួនខ្លាំងជាងស្រាបៀ។