ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញពីឆន្ទៈរបស់លោកក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងពេលឆាប់ៗនេះ បន្ទាប់ពីលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ចូ សឺនហ៊ុយ ក្នុងប្រទេសរុស្សីកាលពីសប្តាហ៍មុន។ ការសែតកូរ៉េខាងជើង KCNA បានអះអាងថា លោកពូទីនក៏បានថ្លែងអំណរគុណដល់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន សម្រាប់ការអញ្ជើញរូបលោកឱ្យទៅធ្វើទស្សនកិច្ចផងដែរ។
នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំរុស្សីទៅកាន់កូរ៉េខាងជើងក្នុងរយៈពេលជាងពីរទសវត្សរ៍។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង តាមការអញ្ជើញរបស់លោក គីម នឹងប្រព្រឹត្តទៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាងក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទង្វើបង្កហេតុដោយសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តប្រឆាំងនឹងសិទ្ធិអធិបតេយ្យភាពរបស់កូរ៉េខាងជើង។
លោក Jung Pak មន្ត្រីជាន់ខ្ពស់អាម៉េរិកទទួលបន្ទុកកូរ៉េខាងជើងបាននិយាយនៅក្នុងកិច្ចប្រជុំជាមួយប្រេសិតនុយក្លេអ៊ែរកូរ៉េខាងត្បូងថា ការផ្ទេរមីស៊ីលផ្លោង និងអាវុធផ្សេងទៀតរបស់ក្រុងព្យុងយ៉ាងទៅឱ្យរុស្ស៊ីសម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន និងការបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងទាមទារឱ្យមានការយកចិត្តទុកដាក់ និងតាមដានរាល់សកម្មភាពបង្កហេតុណាមួយរបស់ប្រទេសកូរ៉េខាងជើង។
គួរបញ្ជាក់ថាបន្ទាប់ពីការឡើងកាន់តំណែងពីលោក Boris Yeltsin ក្នុងឆ្នាំ ១៩៩៩ លោក Putin បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងក្នុងខែកក្កដា ឆ្នាំ ២០០០ ដើម្បីជួបជាមួយលោក Kim Jong Il ដែលជាឪពុករបស់លោក Kim Jong Un។លោក Peskov បាននិយាយកាលពីមុនថា ប្រធានាធិបតីរុស្ស៊ីបានទទួលយកការអញ្ជើញរបស់លោក Kim នៅពេលដែលមេដឹកនាំប្រទេសទាំងពីរបានជួបគ្នានៅប្រទេសរុស្ស៊ីសម្រាប់កិច្ចប្រជុំកំពូលមួយនៅក្នុងខែកញ្ញា៕