សៀមរាប៖ កម្មវិធីប្រឡងសរសេរតាមអាន «សំណេរអង្គរ» លើកទីមួយ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានបេក្ខជនចូលរួមជាង៧០០ អង្គ/នាក់ ចូលរួមប្រឡង។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ អាជ្ញាធរជាតិអប្សរា និងមន្រ្តីរាជការជាច្រើនរូបទៀត។
នៅក្នុងកម្មវិធីប្រឡងនេះ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានអានអត្ថបទប្រឡងទៅកាន់បេក្ខជនក្នុងរយៈពេលមួយម៉ោង ដែលអត្ថបទទាក់ទងនឹងរមណីយដ្ឋានអង្គរ ជាការរៀបចំសម្រិតសម្រាំងទុកដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ក្រោមចំណងជើងថា «អង្គរ អាណាចក្រនៃអរិយធម៌ខ្មែរ»។
សូមបញ្ជាក់ថា កម្មវិធីសំណេរអង្គរ ជាកម្មវិធីថ្មីដែលបង្កើតឡើងក្នុងបំណងលើកកម្ពស់អក្សរសាស្រ្តខ្មែរ តាមរយៈការប្រឡងប្រជែងសរសេរតាមអាន។ កម្មវិធីនេះក៏អាចនឹងក្លាយជាព្រឹត្តិការណ៍ថ្នាក់ជាតិជាប្រចាំឆ្នាំផងដែរនាពេលអនាគត៕