ម៉ូសំប៊ិក៖ សត្វគោប្រមាណជាង ៩០០ក្បាលបានងាប់នៅក្នុងប្រទេសម៉ូសំប៊ិកស្របពេលដែលជំងឺដែលបណ្តាលឲ្យសត្វគោងាប់ជាច្រើនរយក្បាលបែបនេះមិនទាន់ត្រូវបានក្រុមគ្រូពេទ្យបញ្ចាក់អំពីប្រភេទជំងឺឡើយ។ សត្វគោជាង ៩០០ក្បាលនេះបានងាប់កាលពីចុងឆ្នាំ ២០២៣ ដែលបានធ្វើឲ្យមានការងើយឆ្ងល់ជាខ្លាំងអំពីជំវិញនៃជំងឺដែលបានសម្លាប់សត្វគោជាច្រើនបែបនេះ។ អ្នកបង្កាត់ពូជគោមានការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាដែលកើតឡើង ហើយគេសង្ឃឹមថា បញ្ហានេះអាជ្ញាធរបសុពេទ្យនឹងអាចស៊ើបអង្កេតដើម្បីការពារការខាតបង់បន្ថែមទៀត។
លោក Fernando Cupenha អ្នកបង្កាត់ពូជគោក្នុងតំបន់ Manica ដែលជាតំបន់មួយដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការផ្ទុះឡើងនៃជំងឺរាតត្បាតយ៉ាងអាថ៍កំបាំងនេះ បានស្នើឱ្យអាជ្ញាធរបសុពេទ្យពន្លឿនការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះ។ ជំងឺនេះបានបង្ហាញរោគសញ្ញាមួយចំនួនដោយដំបូងឡើយសត្វគោចាប់ផ្តើមអស់កម្លាំង និងមិនឃ្លានចំណីអាហាររហូតដល់បាត់បង់ជីវិតដែលជំងឺសម្លាប់សត្វគោជាច្រើនក្នុងប្រទេសម៉ូសំប៊ិកនេះបានបង្កផលប៉ះពាល់ជាខ្លាំងដល់ប្រជាកសិករ និងពលរដ្ឋដែលកំពុងតែត្រូវការកម្លាំងសត្វពាហនៈក្នុងការប្រកបរបរ និងជួយសម្រួលការងារប្រចាំថ្ងៃរបស់ខ្លួន៕