ប៉ាឡេស្ទីន៖ ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ២៤.១០០ នាក់ និង ៦០.៨៣៤ នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងចុងក្រោយនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។ នេះបើតាមរបាយការណ៍ចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា។ដោយមានការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១៣២ នាក់ និង ២៥២ នាក់ផ្សេងទៀតរងរបួស។
ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ចាប់តាំងពីព្រឹកថ្ងៃច័ន្ទមក កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាលើតំបន់ជាច្រើននៅភាគខាងជើងទីក្រុង ហ្គាហ្សា បើកការវាយប្រហារតាមអាកាសលើទីក្រុង Khan Younis ភាគខាងត្បូង និងបានទម្លាក់គ្រាប់បែកលើជំរុំជនភៀសខ្លួននៅកណ្តាលតំបន់ហ្គាហ្សា បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន៕