ភ្នំពេញ៖ សាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា នាថ្ងៃទី១៤ មករា បានរៀបចំពិធីសិក្ខាសាលាដ៏ធំប្រចាំឆ្នាំរបស់សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា «Winning University Life 2024»។ កម្មវិធីនេះរៀបចំឡើងដើម្បីតម្រង់ទិសសិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងមហាវិទ្យាល័យ ស្ដីពីវិធីសាស្ត្រក្នុងការរៀបចំផែនការជីវិត ប្រើប្រាស់ជីវិត និងដឹកនាំជីវិត នៅថ្នាក់ឧត្តមសិក្សាឱ្យបានត្រឹមត្រូវ។
នាឱកាសនេះលោក តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប បានលើកឡើងថា ការរៀបចំផែនការជីវិត គឺជារឿងមួយដែលល្អប្រសើរ ប៉ុន្ដែដើម្បីរៀបចំផែនការជីវិតឱ្យបានល្អ យ៉ាងហោចណាស់យុវជនក៏គួរតែមានកម្រិតអប់រំចាប់ពីថ្នាក់បរិញ្ញាបត្រ ព្រោះការមានកម្រិតអប់រំត្រឹមថ្នាក់បាក់ឌុប ការរៀបចំផែនការជីវិត មិនសូវជាល្អប្រសើរនោះទេ។ ជាពិសេសយុវជន គួររៀនទទួលខុសត្រូវលើជីវិតខ្លួនឯង ដោយការរៀបចំផែនការចាកចេញពីគ្រួសារ មករស់នៅពឹងផ្អែកលើខ្លួនឯង។
លោក តាន់ មុនីវណ្ណ បានបន្ដថា អ្នកដែលពូកែមិនយកគោលការណ៍ជាធំនោះទេ ប៉ុន្ដែអ្នកដែលពូកែគឺបត់តាមសភាពការណ៍ ដែលនឹងធ្វើឱ្យពួកគេក្លាយជាអ្នកដឹកនាំ។ ដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សពូកែ គឺតាមរយៈការការរៀនសូត្រ ខណៈយុវជនផ្សេងទៀតមានភាពជាអ្នកដឹកនាំតាំងពីក្មេង។ បន្ថែមពីនេះ យុវជនគួរតែចេះប្រើប្រាស់កុំព្យូទ័រ ព្រោះមានយុវជនខ្លះបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ប៉ុន្ដែមិនចេះប្រើប្រាស់កុំព្យូទ័រ និងមានខ្លះទៀតចេះដែរ ប៉ុន្ដែចេះប្រើប្រាស់មិនច្បាស់។
ជាមួយគ្នានេះ មិនថាយុវជនមកពីបណ្ដាខេត្ត ឬភ្នំពេញនោះទេ ក្នុងនាមជានិស្សិតដើម្បីកុំឱ្យមានការសោកស្ដាយ មុននឹងចាកចេញពីសាកលវិទ្យាល័យ សិស្សនិស្សិតត្រូវបំពេញកិច្ចការល្អជាមួយគ្រូ ដោយការខិតខំសិក្សាដើម្បីឱ្យលោកគ្រូអ្នកគ្រូសប្បាយចិត្ត និងការសងគុណគ្រូ ជាដើម៕