វៀតណាម៖ ក្រសួងការបរទេសវៀតណាមបានអះអាងសារជាថ្មីអំពីស្ថិរភាពរបស់វៀតណាមក្នុងការអនុវត្តគោលនយោបាយ "ចិនតែមួយ" និងការអភិវឌ្ឍទំនាក់ទំនងមិនមែនរដ្ឋាភិបាលជាមួយតៃវ៉ាន់ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសមេដឹកនាំនៃកោះតៃវ៉ាន់បានបិតបញ្ចប់។
អ្នកពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានគូសបញ្ជាក់ថា “ដោយឈរលើមូលដ្ឋាននៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ “ចិនតែមួយ” វៀតណាមរក្សា និងអភិវឌ្ឍទំនាក់ទំនងប្រជាជន និងមិនមែនរដ្ឋាភិបាលជាមួយតៃវ៉ាន់លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌និងវិស័យជាច្រើនផ្សេងៗទៀត។ លោកស្រី Hang បាននិយាយថា វៀតណាមគោរពគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ហើយជឿជាក់ថាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់ដើរតួនាទីយ៉ាងសំខាន់សម្រាប់តំបន់ និងពិភពលោក។
គួរបញ្ជាក់ថាលោក Lai Ching-te អាយុ ៦៤ ឆ្នាំ តំណាងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យនៃកោះតៃវ៉ាន់ (DPP) បានឈ្នះការបោះឆ្នោតថ្នាក់ដឹកនាំរបស់តៃវ៉ាន់កាលពីថ្ងៃសៅរ៍។ លោក Lai បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Harvard ហើយបានងាកមកធ្វើនយោបាយនៅឆ្នាំ ១៩៩៦ ក្នុងអំឡុងវិបត្តិច្រកសមុទ្រតៃវ៉ាន់ទីបី។ លោកបានបម្រើការជាសមាជិកសភា និងបន្ទាប់មកជាអនុមេដឹកនាំប្រធានាធិបតីតៃវ៉ាន់គឺលោកស្រី Tsai Ing-wen ដែលឥឡូវនេះលោកនឹងឡើងកាន់តំណែងជាប្រធានាធបិតីពេញសិទ្ធិ។
ប្រទេសចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមិនអាចបំបែកបាននៃទឹកដីរបស់ខ្លួន ហើយសុខចិត្តប្រើមធ្យោបាយណាមួយដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ឡើងវិញ។ មេដឹកនាំចិនបានអះអាងម្តងហើយម្តងទៀតថា ពួកគេមិនច្រានចោលការប្រើកម្លាំងដើម្បីដណ្តើមយកកោះនេះមកវិញទេ ទោះបីជាគោលនយោបាយទូទៅនៅតែជាការសន្ទនា និងការបង្រួបបង្រួមដោយសន្តិភាពក៏ដោយ៕