ប្រ៊ុយណេ៖ ព្រះអង្គម្ចាស់ Abdul Mateen ដែលជាបុត្ររបស់ស្តេចប្រ៊ុយណេបានរៀបអភិសេកជាមួយគូដណ្តឹងរបស់ទ្រង់នាថ្ងៃព្រហស្បតិ៍នេះដែលការប្រារព្ធពិធីមានរយៈពេល ១០ ថ្ងៃ ។ពិធីរៀបអាពាហ៍ពិពាហ៍បែបឥស្លាមសម្រាប់ព្រះអង្គម្ចាស់ព្រះជន្ម ៣២ ព្រះវស្សា និងព្រះនាងម្ចាស់ Yang Mulia Anisha Rosnah ព្រះជន្ម ២៩ ព្រះវស្សា បានប្រារព្ធឡើងនៅខាងក្នុងវិហារឥស្លាមពណ៌មាសក្នុងរដ្ឋធានី Bandar Seri Begawan ។
ទ្រង់ Abdul Mateen គឺជាបុត្រទី 10 របស់ស្តេចស៊ុលតង់ Hassanal Bolkiah ដែលជាស្តេចដែលសោយរាជ្យយូរជាងគេបំផុតក្នុងពិភពលោក និងធ្លាប់ជាមហាសេដ្ឋីមានបំផុតនៅលើភពផែនដី។កូនប្រសារទ្រង់ គឺជាចៅស្រីរបស់ទីប្រឹក្សាដ៏សំខាន់ម្នាក់របស់បិតាទ្រង់ ត្រូវបានគេរាយការណ៍ថាព្រះនាងគឺជាអ្នករកស៊ី និងមានជំនួញធំៗក្នុងដៃជាច្រើនដែលសុទ្ធសឹងជាហាងល្បីៗលើពិភពលោក។
ការប្រារព្ធពិធីមង្គលការរបស់បុត្រស្តេចប្រ៊ុយណេបានឈានដល់ចំណុចពិសេសមួយមិនធ្លាប់មានក្នុងព្រះបរមរាជវាំងដែលមានបន្ទប់ចំនួន ១,៧៨៨ និងក្បួនដង្ហែដ៏ឧឡារិក។បញ្ជីភ្ញៀវត្រូវបានគេរំពឹងថានឹងរួមបញ្ចូលរាជវង្សអន្តរជាតិ និងមេដឹកនាំនយោបាយ៕