តូក្យូ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំង ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃភាគកណ្តាលនៃប្រទេសជប៉ុន កាលពីថ្ងៃទី ១ ខែមករា បានកើនដល់ ២០០នាក់ហើយ ខណៈ១០០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនពុំទាន់មានដំណឹង។ ការរញ្ជួយដីកម្រិត ៧.៥ រិចទ័របានបំផ្លាញ និងដួលរលំអគារ បណ្តាលឱ្យមានភ្លើងឆេះ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅលើឧបទ្វីប Noto នៅលើកោះធំ Honshu របស់ប្រទេសជប៉ុន ។
បើតាមអាជ្ញាធរជប៉ុនបានអះអាងថាមានមនុស្សជិត ៣០.០០០ នាក់កំពុងរស់នៅក្នុងជម្រករដ្ឋាភិបាលហើយ ៤០០នាក់ផ្សេងទៀតកំពុងតែត្រូវការជំនួយសង្រ្គោះបន្ទាន់ពីរដ្ឋាភិបាលជប៉ុន ដោយក្នុងនោះក៏មានពលរដ្ឋជាង ៦ម៉ឺនគ្រួសារគ្មានទឹកប្រើប្រាស់ និង ១៥.៦០០នាក់គ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។
នៅឯកិច្ចប្រជុំរដ្ឋាភិបាលផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយប្រចាំថ្ងៃនៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រី ជប៉ុន Fumio Kishida បានណែនាំដល់រដ្ឋមន្ត្រីឱ្យ "ខិតខំប្រឹងប្រែងដោះស្រាយស្ថានភាពនិងព្យាយាមជួយសង្រ្គោះពលរដ្ឋដែលកំពុងតែប្រឈមជាមួយនិងបញ្ហាចម្បង" ។ លោក Kishida ក៏បានជំរុញឱ្យមានការជម្លៀសពលរដ្ឋទៅកាន់តំបន់ផ្សេងដែលមានសុវត្ថិភាព។
គួរបញ្ជាក់ថាប្រទេសជប៉ុនធ្លាប់មានការរញ្ជួយដីដ៏ខ្លាំងខ្លាកាលពីឆ្នាំ ២០១១ ដែលបានបង្កឲ្យមានរលកយក្សស៊ូណាមិ បណ្តាលឲ្យមនុស្សប្រហែល ១៨,៥០០ នាក់ស្លាប់ និងច្រើនម៉ឺននាក់ទៀតបាត់ខ្លួន៕