ចិន៖ លោក ស៊ីជិនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) កាលពីថ្ងៃចន្ទបានអំពាវនាវឱ្យមន្រ្តីជំរុញកំណែទម្រង់ក្នុងការប្រឆាំងអំពើពុករលួយដែលកំពុងតែកើតមានក្នុងប្រទេសចិន។លោក ស៊ីជិនភីងបានអះអាងបែបនេះនៅពេលដែលលោកថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការកណ្តាល CPC សម្រាប់ការត្រួតពិនិត្យវិន័យ (CCDI) លើកទី ២០ ។
សម្រាប់លោកស៊ីជិនភីង បន្ទាប់ពីការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងរយៈពេល ១០ ឆ្នាំនៃយុគសម័យថ្មី ជ័យជំនះដ៏លើសលប់ត្រូវបានសម្រេចក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាមួយនឹងកំណែទម្រង់យ៉ាងល្អប្រសើរ ប៉ុន្តែស្ថានភាពអំពើពុករលួយនៅក្នុងប្រទេសនៅតែមាន។លោកបានអំពាវនាវឱ្យបក្សត្រូវយល់ដឹងឱ្យបានពេញលេញអំពីការអភិវឌ្ឍន៍ថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងមូលដ្ឋានគ្រិះនៃអំពើពុករលួយ។
លោក ស៊ី ក៏បានអំពាវនាវឱ្យមានការបណ្តេញចេញមន្រ្តីក្នុងជួរ និងសមាជិកបក្ស រូបណាដែលត្រូវបានរកឃើញថាមានជាប់បទល្មើសពាក់ព័ន្ធនិងអំពើពុករលួយ។ លោក ស៊ី បានគូសបញ្ជាក់ការដឹកនាំបែបមជ្ឈិម និងបង្រួបបង្រួមនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC ថាជាការធានាជាមូលដ្ឋានដើម្បីជំរុញកំណែទម្រង់ស្វ័យភាពរបស់បក្ស ដោយការកែលម្អប្រព័ន្ធទាំងមូលជាមួយនឹងការគ្រប់គ្រងស្វ័យភាពពេញលេញ និងម៉ត់ចត់។
លោកក៏បានព្រមានឱ្យមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើការឃុបឃិតគ្នារវាងមជ្ឈដ្ឋាននយោបាយ និងអាជីវកម្ម ពង្រឹងការលុបបំបាត់អំពើពុករលួយក្នុងវិស័យដូចជា ហិរញ្ញវត្ថុ សហគ្រាសរដ្ឋ ថាមពល ឱសថ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការទប់ស្កាត់ការរំលោភបំពានអំណាច៕