Cctimesw1140xh150cm copy

សម្តេច ហ៊ុន ម៉ាណែត ផ្តើមចុះជួបកម្មកររោងចក្រលើកដំបូងក្នុងឆ្នាំ២០២៤

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៨ មករានេះ បានជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជាង១ម៉ឺននាក់ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ កម្មវិធីនាថ្ងៃនេះគឺជាកម្មវិធីលើកទី១ ក្នុងឆ្នាំ២០២៤ ដែលសម្តេច ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករនិយោជិត។

បើកទំព័រឆ្នាំថ្មី២០២៤ សម្តេច ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និង ឆ្លៀតជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានប្រមាណជាង១ម៉ឺននាក់។

យោងតាមរបាយការណ៍ពីក្រសួងការងារមាន កម្មករនិយោជិតចូលរួមចំនួន ១០ ៩៧៥នាក់ ដែលមានស្ត្រីមានផ្ទៃពោះចំនួន ៥៥១នាក់ មកពី ៥ រោងចក្រ សហគ្រាស ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ១, បង្គុំខ្សែរភ្លើងចំនួន ១, ប៉ាក់លើសម្លៀកបំពាក់ចំនួន ១, បរិក្ខាអេឡិចត្រូនិចចំនួន ១, ដំឡើងរថយន្ត និងបង្គុំខ្សែភ្លើងចំនួន ១។

លោករដ្ឋមន្រ្តីក្រសួងការងារ បានឲ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងនោះ វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិត ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១ ៦៨០ រោងចក្រ និងមានកម្មករនិយោជិតសរុបចំនួន ៩១៨ ៧១៨ នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៩ ពាន់លានដុល្លារ។ លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ត្រូវបានគិតគូរនិងលើកកម្ពស់កាន់តែប្រសើរឡើង ប្រាក់ឈ្នួលអប្បបរមាបានកើនពី ៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់ ២០៤ដុល្លារ នៅឆ្នាំ២០២៤។

សូមជម្រាបថា កម្មវិធីនាថ្ងៃនេះគឺជាកម្មវិធីលើកទី១ ក្នុងឆ្នាំ២០២៤ និងជាលើកទី១១ ដែល សម្តេច ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករនិយោជិតក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជា ដោយបានជួបជាមួយកម្មករនិយោជិតសរុបប្រមាណជាង ១៨ម៉ឺននាក់ ក្នុងខណៈដែលអាណត្តិកន្លងទៅ សម្តេចក៏បានអញ្ជើញជួបសំណេះសំណាលជាមួយ ប្រធានរដ្ឋបាល ប្រធានផ្នែក និងកម្មករនិយោជិតនៅតាមរាជធានី-ខេត្ត ជាច្រើនលើកផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង