ឥណ្ឌូណេស៊ី៖ ប៉ូលិសឥណ្ឌូណេស៊ី បានស្ទាក់ចាប់រថយន្តដឹកសត្វឆ្កែជាង ២០០ក្បាល ដែលឆ្កែទាំងនោះត្រូវបានចងហើយកំពុងដឹកទៅកន្លែងសត្តឃាត។ រថយន្តដឹកឆ្កែនេះត្រូវបានប៉ូលីសស្ទាក់ចាប់បានកាលពីយប់ថ្ងៃសៅរ៍ នៅក្នុងទីក្រុង Semarang លើកោះជ្វា។អាជ្ញាធរបានចាប់ខ្លួនក្រុអ្នកជួយដូរសត្វបានចំនួន ៥ នាក់ដែលនឹងត្រូវចោទប្រកាន់ក្រោមបទប្បញ្ញត្តិសុខុមាលភាពសត្វហើយអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ។
មេប៉ូលិសក្នុងតំបន់ លោក Irwan Anwar បានប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃសៅរ៍ថា "យើងទទួលបានព័ត៌មានអំពីការជួយដូរឆ្កែយកទៅសម្លាប់កាលពីខែមុន ប៉ុន្តែមានតែយប់នេះទេដែលយើងអាចរារាំងការដឹកជញ្ជូនសត្វឆ្កែចំនួន ២២៦ ក្បាល"នេះបាន ។
មេប៉ូលីសបានបន្ថែមថា យោងតាមការស៊ើបអង្កេតបឋមរបស់នាយកដ្ឋានរបស់លោក សត្វឆ្កែទាំងនោះកំពុងធ្វើដំណើរទៅកាន់ទីក្រុង Surakarta ជាកន្លែងដែលពួកវានឹងត្រូវបានសម្លាប់ និងយកសាច់របស់វាលក់សម្រាប់បរិភោគនៅភាគខាងលិចកោះជ្វា។ សកម្មជនសុខុមាលភាពសត្វបាននិយាយថា ពួកគេបានរាយការណ៍ពីការជួញដូរសាច់ឆ្កែទៅប៉ូលីសកាលពីខែធ្នូ ប៉ុន្តែបានបាត់ដាននៃប្រតិបត្តិការនេះ។
គួរបញ្ជាក់ថាឥណ្ឌូណេស៊ី គឺជាប្រទេសមួយ ដែលនៅតែអនុញ្ញាតឱ្យលក់សាច់ឆ្កែ និងឆ្មា ប៉ុន្តែយុទ្ធនាការប្រឆាំងនឹងការអនុវត្តច្បាប់នៃការលក់សាច់សត្វចិញ្ចឹមនេះបាននិងកំពុងតែមានភាពចម្រូងចម្រះ ដោយមានប្រជាពលរដ្ឋជាច្រើនអំពាវនាវឲ្យមានច្បាប់នៃការបញ្ឈប់ការលក់សាច់ឆ្កែ និងឆ្មា៕