ជប៉ុន៖ នៅដេីមឆ្នាំ២០២៤នេះប្រទេសជប៉ុន ដែលជាប្រទេសស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជួបគ្រោះថ្នាក់ធំៗចំនួន២ នោះគឺគ្រោះថ្នាក់ធម្មជាតិរញ្ជួយដីធំនៅភាគកណ្តាលនៃប្រទេសជប៉ុន និង គ្រោះថ្នាក់យន្តហោះប៉ះគ្នានៅពេលចុះចតរវាងយន្តហោះដឹកអ្នកំណេីរ Japan Airlines។
គ្រាន់តែឈានចូលដល់ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ភ្លាម ឆ្នេរខាងលិចដែលស្ថិតតំបន់ភាគកណ្តាលប្រទេសជប៉ុនបានរងអង្រួនដោយគ្រោះរញ្ជួយដីដែលមានកម្រិតខ្លាំងជាងគេ ៧,៥រ៉ិចទ័រ។ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានពីគ្រោះរលកយក្សស៊ូណាមី ដែលអាចមានកំពស់ដល់៥ម៉ែត្រ តែការប្រមាននេះបានប្រកាសដកវិញកាលពីម្សិលមិញ។
ផ្ទះជាងរាប់ម៉ឺនខ្នងនៅតាមមាត់សមុទ្រ ដែលស្ថិតនៅជិតចំណុចរញ្ជួយ ត្រូវដាច់ចរន្តអគ្គិសនី ចំណែក ផ្លូវ និង រថភ្លើងល្បឿនលឿន ត្រូវផ្អាក បិទមិនដំណើរការ។ តុល្យការចុងក្រោយនៃអ្នកស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់រញ្ជួយដីនៅថ្ងៃម្សិលមិញ កើនឡើងដល់ជិត៦០នាក់ និង អ្នករងរបួសជាច្រើននាក់។
គួរបញ្ជាក់ថា ជប៉ុនជាប្រទេសដែលជួបគ្រោះរញ្ជួយដី ញឹកញាប់ជាងគេ នៅក្នុងពិភពលោក។ កាលពីឆ្នាំ ២០១១ ជប៉ុនជួបគ្រោះរញ្ជួយក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលបានបណ្តាលឲ្យគ្រោះមហន្តរាយរលកយក្សស៊ូណាមី នៅហ្វូគូស៊្ហីម៉ា ដែលបានសម្លាប់ និង ធ្វើឲ្យមនុស្សបាត់ខ្លួនជាង ២ម៉ឺននាក់។
ក្រោយមួយថ្ងៃនៃគ្រោះថ្នាក់ធម្មជាតិ ជប៉ុនបានជួបគ្រោះថ្នាក់ធំមួយទៀតនោះ គឺគ្រោះថ្នាក់យន្តហោះប៉ះគ្នានៅពេលចុះចតរវាងយន្តហោះដឹកអ្នកំណេីរ Japan Airlines និង យន្តហោះកងឆ្មាំសមុទ្រជប៉ុនបណ្តាលឱ្យស្លាប់កងឆ្មាំសមុទ្រចំនួន៥រូប រីឯអ្នកដំណេីរនិងអាកាសយានិកទាំង ៣៧៩ នាក់នៃយន្តហោះJapan Airlines មានសុវត្ថិភាព។
គ្រោះថ្នាក់ធម្មជាតិ និង យន្តហោះប៉ះគ្នា នៅប្រទេសជប៉ុននេះ បានក្លាយជារឿងចាប់អារម្មណ៍ខ្លាំងជាងគេនៅដើមខែមករា ឆ្នាំ២០២៤នេះ បន្ទាប់មកគឺហេតុការណ៍នៅកូរ៉េខាងត្បូង ដែលប្រធានបក្សប្រឆាំងត្រូវខ្មាន់កាំបិតម្នាក់ចាក់ឲ្យរបួសនៅត្រង់ក នៅថ្ងៃអង្គារទី២មករា ក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចភាគអាគ្នេយ៍ ទីក្រុងសេអ៊ូល៕