សេអ៊ូល៖ ទីភ្នាក់ងារអាកាសធាតុរបស់កូរ៉េខាងត្បូងបានឲ្យដឹងនាថ្ងៃអង្គារនេះថា រលកយក្សស៊ូណាមិដែលមានកម្ពស់ដល់ទៅ ៨៥សង់ទីម៉ែត្រ ត្រូវបានគេសង្កេតឃើញនៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ នៅតំបន់ Noto Peninsula បានវាយប្រហារប្រទេសជប៉ុនកាលពីថ្ងៃច័ន្ទ។
គ្រោះរញ្ជួយដីបានវាយប្រហារឧបទ្វីប Noto និងតំបន់ជុំវិញក្នុងខេត្ត Ishikawa របស់ប្រទេសជប៉ុន នៅថ្ងៃបុណ្យចូលឆ្នាំថ្មី តាមសេចក្តីរាយការណ៍មានមនុស្សយ៉ាងហើច៨នាក់បានស្លាប់ និងមនុស្សជាច្រើននាក់ទៀតត្រូវបានបង្ខំចិត្តជម្លៀសខ្លួនទៅកន្លែងសុវត្ថិភាពជាបន្ទាន់។
ប្រហែលបួនម៉ោងបន្ទាប់ពីការរញ្ជួយដី រលកយក្សស៊ូណាមិដែលមានកម្ពស់ ៨៥ សង់ទីម៉ែត្រនៅចំណុចខ្ពស់បំផុតត្រូវបានគេសង្កេតឃើញនៅកំពង់ផែ Mukho ក្នុងទីក្រុងឆ្នេរសមុទ្រភាគខាងកើត Donghae ចម្ងាយ ១៨២ គីឡូម៉ែត្រភាគខាងកើតទីក្រុងសេអ៊ូល។
រលកយក្សស៊ូណាមិក្នុងទ្រង់ទ្រាយតូចក៏ត្រូវបានគេសង្កេតឃើញនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត ដោយទីក្រុងក្បែរៗនោះជួបប្រទះរលកខ្ពស់រហូតដល់៤៥ សង់ទីម៉ែត្រ និង ៣៣ សង់ទីម៉ែត្រ។ ស្រុក Uljin តាមបណ្តោយផ្នែកខាងក្រោមនៃឆ្នេរសមុទ្រភាគខាងកើតបានឃើញរលកយក្សស៊ូណាមិកើនឡើងដល់កម្ពស់ ៦៦ សង់ទីម៉ែត្រ។
នេះក៏ជាលើកទីមួយហើយដែលកូរ៉េខាងត្បូងបានជួបប្រទះនឹងរលកយក្សស៊ូណាមិនៅលើឆ្នេរសមុទ្ររបស់ខ្លួនចាប់តាំងពីខែកក្កដាឆ្នាំ ១៩៩៣ នៅពេលដែលការរញ្ជួយដីកម្រិត ៧.៨ នៅកោះហុកកៃដូរបស់ប្រទេសជប៉ុនបានបញ្ជូនរលកយក្សស៊ូណាមិឆ្ពោះទៅឆ្នេរសមុទ្រខាងកើតរបស់កូរ៉េខាងត្បូងដែលមានកំពស់ ២.៧៦ ម៉ែត្រកាលពីកន្លងទៅ៕