តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានចេញការព្រមានពីរលកយក្សស៊ូណាមិនៅក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារកណ្តាលប្រទេសជប៉ុននៅថ្ងៃច័ន្ទនេះ រលកកម្ពស់ជាងមួយម៉ែត្របានវាយប្រហារតំបន់មួយចំនួនក្នុងប្រទេសជប៉ុនដែលបានបណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ និងដួលរលំ។ ការរញ្ជួយដីដ៏ខ្លាំងខ្លានេះក៏បានបង្កឱ្យមានការព្រមានសម្រាប់អ្នកស្រុកឱ្យជម្លៀសខ្លួនចេញពីតំបន់ដែលកំពុងតែប្រឈមនិងហានិភ័យ។
យោងតាមទូរទស្សន៍ NHK បានរាយការណ៍ថា ការរញ្ជួយដីកម្រិតបឋមកម្រិត ៧.៦ រ៉ិចទ័រ បានបង្កឱ្យមានរលកចម្ងាយប្រហែល ១ ម៉ែត្រ នៅតាមបណ្តោយផ្នែកខ្លះនៃឆ្នេរសមុទ្រជប៉ុន ជាមួយនឹងរលកធំៗជាច្រើនទៀត។ អាជ្ញាធរបានធ្វើការព្រមានពលរដ្ឋនៅក្នុងខេត្ត Ishikawa, Niigata និង Toyama គឺជាខេត្តដែលអាចនិងរងផលប៉ះពាល់ខ្លាំងជាងគេប្រសិនបើរលកយក្សស៊ូណាមិវាយប្រហារ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក៏បានព្រមានអ្នកស្រុកឱ្យត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយបន្ថែមទៀតដែលអាចនិងកើតមាននាពេលខាងមុខនេះ។ លោកក៏បានជំរុញឱ្យប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់ឲ្យជម្លៀសចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន"៕