វៀតណាម៖ បំណែកឆ្អឹងសត្វព្រៃជិតផុតពូជជិត ១០ តោនពីទ្វីបអាហ្រ្វិក រួមទាំងភ្លុកដំរី និងស្នែងរមាស ដែលត្រូវបានរឹបអូសពីអ្នករត់ពន្ធនៅទីក្រុង Da Nang ត្រូវបានដុតបំផ្លាញចោល។តុលាការវៀតណាមបានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ដើម្បីដុតភ្លុកដំរីទម្ងន់ ៤៥៦.៩ គីឡូក្រាម ស្នែងរមាស ១៤០គីឡូក្រាម ឆ្អឹងសត្វតោ ៣.១ តោន។តម្លៃនៃឆ្អឹងសត្វព្រៃដែលរត់ពន្ធខុសច្បាប់នេះមានតម្លៃប្រមាណ ៣០០ ពាន់លានដុង (១២,៣៦ លានដុល្លារ) នៅទីផ្សារងងឹតត្រូវបានរឹបអូសពីលោក Nguyen Duc Tai អាយុ ៣៣ ឆ្នាំ ជាអ្នកស្រុក Da Nang។
ឆ្អឹងសត្វត្រូវបានរឹបអូសនៅពេលនាំចូលពីទ្វីបអាហ្រ្វិកទៅកាន់ប្រទេសវៀតណាមនៅឯកំពង់ផែ Tien Sa ទីក្រុង Da Nang ក្នុងឆ្នាំ ២០២១ និង ២០២១។ លោក Nguyen Duc Tai (តៃ) បានបង្កើតក្រុមហ៊ុនពីរដើម្បីនាំចូលឆ្អឹងសត្វ។ការដឹកជញ្ជូនត្រូវបានក្លែងបន្លំជាផលិតផលផ្សេងទៀត។
តុលាការប្រជាជនទីក្រុង Da Nang កាលពីខែកុម្ភៈបានកាត់ទោសលោក តៃ ឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំពីបទរំលោភលើបទប្បញ្ញត្តិនៃការការពារសត្វព្រៃ និង ៣ ឆ្នាំពីបទក្លែងបន្លំ។ការជួញដូរសត្វព្រៃនៅតែរីករាលដាលនៅក្នុងប្រទេសវៀតណាម ដែលជាទីផ្សារដ៏សំខាន់ ក៏ដូចជាតំបន់ឆ្លងកាត់ព្រំដែនយ៉ាងសំខាន់សម្រាប់ប្រទេសចិន និងសហរដ្ឋអាម៉េរិក ហើយកំពង់ផែ Tien Sa គឺជាទិសដៅមួយក្នុងចំណោមទិសដៅជាច្រើនទៀតដែលជារឿយអ្នករត់ពន្ធតែងតែប្រើប្រាស់។
ក្នុងខែមីនា ឆ្នាំ ២០១៩ គយក្រុង Da Nang បានសម្របសម្រួលជាមួយប៉ូលីស និងឆ្មាំព្រំដែន ដើម្បីឆែកឆេរកុងតឺន័រពីកុងហ្គោទៅកាន់កំពង់ផែ ហើយបានរកឃើញភ្លុកដំរីចំនួន ៩.១២ តោនដែលក្លែងបន្លំនៅក្នុងប្រអប់ឈើ។ក្នុងខែតុលា ឆ្នាំ ២០១៨ ប៉ូលិសក្រុង Da Nang បានសម្របសម្រួលជាមួយមន្ត្រីមកពីក្រសួងសន្តិសុខសាធារណៈ និងគយក្រុង Da Nang ដើម្បីរឹបអូសបានការដឹកជញ្ជូនភ្លុកដំរី និងសត្វពង្រូលចំនួន ១០តោនដែលនាំចូលពីប្រទេសនីហ្សេរីយ៉ាទៅកាន់ក្រុង Tien Sa ៕