ប៉េកាំង៖ ក្រសួងការពារជាតិចិននៅថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យទាហានរបស់ខ្លួនប្រុងជើងការពារ និងមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលសហរដ្ឋអាម៉េរិក បង្កើនការពង្រាយយោធាកងទ័ពនៅក្នុងតំបន់ក្បែរសម្ព័ន្ធមិត្តរបស់ខ្លួន។លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងឲ្យដឹងថាយោធាចិនកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់សហរដ្ឋអាម៉េរិក ហើយនឹងការពារយ៉ាងរឹងមាំនូវសិទ្ធិដែនសមុទ្រ សន្តិសុខ និងអធិបតេយ្យភាពរបស់ចិននៅក្នុងតំបន់។
កាលពីដើមខែធ្នូ ឧត្តមសេនីយទ័ពអាកាសអាម៉េរិកបានប្រាប់កាសែត Nikkei របស់ជប៉ុនថា យោធាអាម៉េរិកនឹងធ្វើឱ្យមាន "វឌ្ឍនភាពដ៏សំខាន់" ឆ្ពោះទៅរកការពង្រីកកម្លាំងទ័ពនៅអាកាសយានដ្ឋាន Tinian North ដែលជាអាកាសយានដ្ឋានឈរជើងដ៏សំខាន់កាលពីសង្រ្គាមលោកលើកទី២។
អាកាសយានដ្ឋាន Tinian North ត្រូវបានបោះបង់ចោលក្រោយសង្គ្រាមលោកលើកទី ២ ស្ថិតនៅលើកោះ Tinian ដែលជាផ្នែកនៃកោះ Northern Mariana ដែលជាទឹកដីរបស់សហរដ្ឋអាម៉េរិក និងប្រហែល ២០០ គីឡូម៉ែត្រភាគខាងជើងនៃកោះ Guam៕