
ភ្នំពេញ៖ គណៈកម្មការអឺរ៉ុបបានអនុវត្តដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBA ចំនួន២០ភាគរយពីកម្ពុជានៅថ្ងៃទី១២ ខែសីហាកន្លងទៅនេះ។ប៉ុន្តែមកដល់ពេលបច្ចុប្បន្នកម្ពុជាមិនទាន់អាចវាយតម្លៃពីទំហំទឹកប្រាក់ក្នុងការបង់ពន្ធទៅសហភាពអឺរ៉ុបនៅឡើយទេ ដោយសារតែបញ្ហាកូវីដ១៩ រងផលប៉ះពាល់ខ្លាំងជាងបញ្ហាEBA ។នេះបើតាម លោកមាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងប្រាប់ស៊ីស៊ីថាមស៍ ថ្ងៃ ២៥ សីហា ឆ្នាំ២០២០។
លោកមាស សុខសេនសាន បានអះអាងថា ចំពោះផលប៉ះពាល់មិនអាចវាយតម្លៃបានភ្លាមៗទេ ហើយបើនិយាយពីទំហំទឹកប្រាក់មានការគណនាជាទឹកប្រាក់ខ្លះៗ ប៉ុន្តែមិនទាន់មានការវាយតម្លៃអ្វីច្បាស់លាស់ពីទំហំទឹកប្រាក់បង់ពន្ធនេះទេ។
បើតាមលោកមាស សុខសេនសាន ដោយសារតែកម្ពុជាកំពុងរង់ចាំមើលទៅលើស្ថានការមួយចំនួន ដូចជារោងចក្រមួយចំនួនសុខចិត្តបង់ពន្ធចំពោះទំនិញដែលនាំចេញ ដូច្នេះវាមិនមានជាបញ្ហាទេសម្រាប់ក្រុមហ៊ុន ឬរោងចក្រទាំងនោះ។ ដោយឡែក រោងចក្រមួយចំនួនអាចនឹងប្ដូរខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន ដែលមិនប៉ះពាល់ដល់ការតំឡើងពន្ធ២០% ដែលរោងចក្រនោះនៅសល់៨០%សម្រាប់ការដឹកជញ្ជូនទៅកន្លែងផ្សេង។
បន្ថែមពីនេះ ឯកឧត្តមសង្កត់ធ្ងន់ថា ការអនុវត្តន៍គឺបានចាប់ផ្ដើមបណ្ដើរៗហើយ ថាផលប៉ះពាល់វាទំហំប៉ុណ្ណា តែអ្វីដែលជាឧបសគ្គនោះគឺបញ្ហាកូវីដ១៩ ដែលធ្វើឱ្យរាំងស្ទះទាំងអស់ ដោយមិនអាចកំណត់ថាវាមកពីបញ្ហាកូវីដ ឬបញ្ហា EBA ប្រសិនបើកម្ពុជាវាយតម្លៃនៅពេលនេះវាអាចនឹងមិនមានភាពច្បាស់ការ ដល់ដំណើរការនៃការវាយតម្លៃ។
គួររំលឹកដែរថា គណៈកម្មការអឺរ៉ុបបានអនុវត្តដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBA ចំនួន២០ភាគរយពីកម្ពុជានៅថ្ងៃទី១២ ខែសីហាកន្លងទៅនេះ ហើយទំនិញកម្ពុជាចំនួន៤០ប្រភេទ ក្នុងនោះផលិតផលខ្លះក្នុងផ្នែកកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ផលិតផលសម្រាប់ធ្វើដំណើរ និងស្ករ នឹងត្រូវយកពន្ធឡើងវិញនៅពេលនាំចូលទៅកាន់ទីផ្សារអឺរ៉ុប។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាបានតៀមសេណារីយ៉ូ ដើម្បីឆ្លើយតបការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់អឺរ៉ុបដោយព្យាយាមថែរក្សាម៉ាក្រូហិរញ្ញវត្ថុសេដ្ឋកិច្ចក្នុងស្រុក និងធ្វើយ៉ាងណា អាចឆ្លើយតបនឹងការប៉ះទង្គិចផ្សេងៗទៅលើសេដ្ឋកិច្ច៕