អ៊ីរ៉ង់បាន៖ អ៊ីរ៉ង់បានព្រមានឲ្យអ៊ីស្រាអែលបង់ថ្លៃខូចខាត់ធ្ងន់ធ្ងរមិនធ្លាប់មានសម្រាប់ការធ្វើឃាតមេបញ្ជាការទាហានជើងចាស់លោក Seyyed Razi Mousavi នៅស៊ីរី។ កងកម្លាំងអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃចន្ទថា លោក Mousavi ដែលបម្រើការជា "ទីប្រឹក្សាយោធា" ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលនៅរដ្ឋធានី Damascus ប្រទេសស៊ីរី។
លោក Mousavi គឺជាអ្នកស្នេហាជាតិដ៏ខ្លាំងខ្លាំង ហើយក៍ជាសមមិត្តម្នាក់របស់មេបញ្ជាការអ៊ីរ៉ង់ចុងក្រោយបំផុតគឺលោក Qassem Soleimani ដែលត្រូវបានធ្វើឃាតនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅជិតអាកាសយានដ្ឋានអន្តរជាតិបាកដាដក្នុងខែមករាឆ្នាំ ២០២០ របស់អាម៉េរិកផងដែរ ។
ក្រសួងការពារជាតិអ៊ីរ៉ង់កាលពីថ្ងៃអង្គារក៏បានប្តេជ្ញាឆ្លើយតប និងបានចាត់ទុកទង្វើរបស់អ៊ីស្រាអែលនេះថាជាឧក្រិដ្ឋកម្មភេរវកម្ម។អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីរ៉ង់ លោកឧត្តមសេនីយ Reza Talaei-Nik បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Tehran ថា "អ៊ីស្រាអែលនឹងបង់ថ្លៃយ៉ាងធ្ងន់ធ្ងរសម្រាប់ឧក្រិដ្ឋកម្មភេរវកម្មមួយនេះ។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានព្រមានថា "ទង្វើដ៏អាក្រក់របស់អ៊ីស្រាអែល គឺជាការបង្កបញ្ហាឲ្យមានកាន់តែធំជាមួយអ៊ីរ៉ង់" លោកក៏បានព្រមានឲ្យអ៊ីស្រាអែលសងថ្លៃខូចខាតគ្រប់យ៉ាងចំពោះការសម្លាប់មេបញ្ជាការអ៊ីរ៉ង់៕