រុស្សី៖ រដ្ឋមន្ត្រីការពារជាតិរុស្សីលោក Sergei Shoigu បានប្រកាសកាលពីថ្ងៃអង្គារថា កងទ័ពរុស្ស៊ីបានសម្រេចគោលដៅធំរបស់ខ្លួននៅក្នុងជម្លោះយោធាជាមួយអ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៣ ដោយរារាំងការវាយលុករបស់អ៊ុយក្រែនក្នុងទិសដៅតំបន់សំខាន់ៗជាច្រើន ហើយក្នុងនោះរុស្សីក៏បានវាយកាន់កាប់តំបន់សមរភូមិរបស់អ៊ុយក្រែនជាច្រើនទីតាំងថែមទៀតផង។
បើតាមរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្សីរូបនេះបានអះអាងថាកងកម្លាំងរុស្សីសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយទទួលបានទីតាំងអំណោយផល និងពង្រីកការគ្រប់គ្រងរបស់ទាហានរុស្សីគ្រប់ទិសទីក្នុងសមរភូមិ ស្របតាមគោលដៅដែលបានកំណត់។ ក្រៅពីនេះ សហគ្រាសឧស្សាហកម្មការពារជាតិនៅក្នុងប្រទេសរុស្សីក៏បានបង្កើនការផលិតសព្វាវុធជាច្រើនទៀតដើម្បីជាជំនួយសម្រាប់ប្រតិបត្តិការពិសេសរបស់រុស្សីលើអ៊ុយក្រែន។
នៅថ្ងៃដដែលនោះ លោក Valery Zaluzhny អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបញ្ជាក់ថា អ៊ុយក្រែនមានសក្ដានុពលក្នុងការបង្កើតកងពលតូចចំនួន ១០ បន្ថែមទៀតក្នុងពេលដំណាលគ្នា ដោយប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួន និងការគាំទ្រពីប្រទេសផ្សេងៗ។ លោកក៏បានព្រមានផងដែលថា យោធារុស្សីអាចនឹងដណ្តើមយកទីក្រុង Avdiivka ដ៏សំខាន់របស់អ៊ុយក្រែនក្នុងរយៈពេលពីរទៅបីខែខាងមុខ។ ក្រុង Avdiivka ជាក្រុងដែលស្ថិតនៅចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រពីតំបន់ Donetsk នៅភាគខាងកើតអ៊ុយក្រែន ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវសមរភូមិជួរមុខភាគខាងជើងសម្រាប់កងទ័ពអ៊ុយក្រែននៅក្នុងតំបន់ Donetsk ៕