អាម៉េរិក៖ អង្គការអន្តរជាតិកាលនៅថ្ងៃព្រហស្បតិ៍នេះបានព្រមានអំពីទុរ្ភិក្ស និងស្ថានភាពសុខភាពកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀតដល់ពលរដ្ឋ ព្រមទាំងកុមារដែលកំពុងតែរស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានអះអាងថាវាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសន្តិសុខស្បៀងកាន់តែយ៉ាប់យ៉ឺននៅតំបន់ហ្គាហ្សាស្ទ្រីប ដែលប្រជាជនទាំងមូលប្រហែល ២.២ លាននាក់ឥឡូវនេះកំពុងប្រឈមមុខនឹងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ។
យោងតាមរបាយការណ៍អង្គការស្បៀងអាហារ អន្តរជាតិបានបញ្ជាក់ថា ហានិភ័យនៃគ្រោះទុរ្ភិក្សបាននឹងកំពុងកើនឡើងក្នុងតំបន់ហ្គាហ្សាដែលកំពុងប៉ះពាល់ដល់ក្មេងៗ និងអ្នករស់រានមានជីវិតជាច្រើនលាននាក់។ ប្រជាជនទាំងមូលនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបកំពុងជួបប្រទះវិបត្តិស្បៀងអាហារក្នុងរយៈពេលដែលបានគ្រោងទុកចាប់ពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ រឺក៏អាចនិងមានរយៈពេលយូរជានេះ។ ក្នុងចំណោមនោះ មានប្រជាជនចំនួន ៧៩ ភាគរយកំពុងមានកម្រិត "គ្រោះមហន្តរាយ" នៃអាហារ។
ពិសេសជាងនេះទៅទៀត របាយការណ៍បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានគ្រួសារមួយក្នុងចំនោមគ្រួសារចំនួន ៤ ឬជាងកន្លះលាននាក់ ប្រឈមមុខនឹង "ស្ថានភាពអសន្តិសុខស្បៀងដ៏មហន្តរាយធ្ងន់ធ្ងរ" ដែលជាធម្មតាត្រូវបានសម្គាល់ដោយគ្រួសារដែលជួបប្រទះការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង ដែលនាំឱ្យមានការអត់ឃ្លាន ដែលគួរឱ្យព្រួយបារម្ភខ្លាំង។
អង្គការស្បៀងអាហារពិភពលោកបានអះអាងថាខ្លួនបាននឹងកំពុងតាមដានគ្រោះមហន្តរាយមនុស្សជាតិដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងការព្រួយបារម្ភយ៉ាងខ្លាំងនៃអាត្រាអ្នកស្លាប់ដោយសារការអត់ចំណីអាហារ។ អង្កការកំពុងកៀរគរការផ្គត់ផ្គង់ផ្នែកកសិកម្មសំខាន់ៗ និងត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមផ្តល់ចំណីអាហារ (១,៥០០ តោន) ធុងទឹក ឧបករណ៍ពេទ្យសត្វ និងប្រេងឥន្ធនៈទៅកាន់តំបន់ហ្គាហ្សា។ តំបន់ ហ្គាហ្សា កំពុងជួបប្រទះនឹងការកើនឡើងនៃអត្រាជំងឺឆ្លងផ្សេងៗជាច្រើន។ ជាពិសេសករណីជំងឺរាគរូសជាង ១០ម៉ឺនករណី ត្រូវបានរាយការណ៍ចាប់តាំងពីពាក់កណ្តាលខែតុលា ដែលពាក់កណ្តាលក្នុងចំណោមកុមារតូចៗដែលមានអាយុក្រោម ៥ ឆ្នាំ។ ហើយក្នុងនោះមានជាង ១៥ម៉ឺន ករណីនៃការឆ្លងមេរោគផ្លូវដង្ហើម និងករណីជាច្រើននៃជំងឺរលាកស្រោមខួរ កន្ទួលលើស្បែក ចៃ និងជំងឺអុតស្វាយ៕