កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាថ្ងៃទី ២១ ធ្នូនេះ បានអះអាងថា កូរ៉េខាងជើង នឹងមិនស្ទាក់ស្ទើរក្នុងការវាយហារដោយនុយក្លេអ៊ែរ ប្រសិនបើមានប្រទេសណាបង្កហេតុដោយនុយក្លេអ៊ែរមកកាន់ដែនដីនៃប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានចេញផ្សាយនាថ្ងៃព្រហស្បតិ៍នេះ។
ការព្រមានរបស់លោក គីម ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកកាលពីសប្តាហ៍មុនក្នុងទីក្រុងវ៉ាស៊ីនតោន បានពិភាក្សាអំពីការទប់ស្កាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើងក្នុងករណីមានជម្លោះជាមួយកូរ៉េខាងជើង។ ប៉ុន្តែលោក គីម បានប្រាប់ការិយាល័យមីស៊ីលរបស់យោធារបស់លោកវិញថា កុំស្ទាក់ស្ទើរក្នុងការបាញ់ សូម្បីតែការវាយប្រហារដោយប្រើប្រាស់នុយក្លេអ៊ែរ នៅពេលចាំបាច់យើងនិងប្រើប្រាស់ភ្លាមៗ។ ចំណែក សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយជំរុញឱ្យប្រទេសដែលមានអាវុធនុយក្លេអ៊ែរបញ្ឈប់ការគំរាមគំហែងទៅកាន់ប្រទេសជិតខាងខ្លួនជាបន្ទាន់។
គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលប្រឈមមុខនឹងការសាកល្បងអាវុធជាច្រើនទៀត។ កាលពីសប្តាហ៍មុន នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិកបានទៅដល់ទីក្រុងកំពង់ផែ Busan របស់កូរ៉េខាងត្បូង ដែលការទៅដល់នេះកូរ៉េបានចាត់ទុកជាសញ្ញានៃការគំរាមគំហែងមកលើទឹកដីរបស់ខ្លួន៕