សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងយ៉ាងហោចណាស់មួយគ្រាប់នៅព្រឹកថ្ងៃចន្ទនេះប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់បង្ហោះមីស៊ីលរយៈចម្ងាយខ្លីដាច់ដោយឡែកពីគ្នានៅពេលយប់។ ការបាញ់តបតវិញ ធ្វើឡើងតាមការព្រមានពីទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនថា ការវាយប្រហារនុយក្លេអ៊ែរណាមួយពីទីក្រុងព្យុងយ៉ាងមកលើសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង នឹងនាំឱ្យរបបកូរ៉េខាងជើងបញ្ចប់។
រដ្ឋាភិបាលជប៉ុនបាននិយាយនៅលើបណ្តាញសង្គម X ថាកូរ៉េខាងជើងបានបាញ់ "មីស៊ីលផ្លោង" លោកក៏បានចាត់ទុកការបាញ់នេះជាការគំរាមសន្តិសុខក្នុងតំបន់ និងពិភពលោក។ ការបាញ់បង្ហោះរបស់កូរ៉េខាងជើងនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញមីស៊ីផ្លោងរយៈចម្ងាយខ្លីដែលបាញ់ចេញពីតំបន់ទីក្រុងព្យុងយ៉ាងកាលពីយប់ថ្ងៃអាទិត្យ។'
មីស៊ីលនោះបានហោះក្នុងចម្ងាយប្រហែល ៥៧០ គីឡូម៉ែត្រ មុនពេលចុះចតនៅសមុទ្រខាងកើត ទីក្រុងសេអ៊ូល វ៉ាស៊ីនតោន និងតូក្យូបានចែករំលែកព័ត៌មានយ៉ាងលំអិតទាក់ទងនឹងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងកាលពីថ្ងៃសុក្របានបើកសម័យប្រជុំលើកទីពីរ នៃក្រុមប្រឹក្សានុយក្លេអ៊ែរនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីការទប់ស្កាត់នុយក្លេអ៊ែរក្នុងករណីមានជម្លោះជាមួយកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានអះអាងថា"នេះគឺជាការប្រកាសបើកចំហមួយស្តីពីការប្រឈមមុខដាក់គ្នានុយក្លេអ៊ែ ហើយការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងកូរ៉េខាងជើង នឹងប្រឈមមុខនឹងការប្រឆាំងទុកជាមុន និងប្រកបដោយគ្រោះថ្នាក់" ហើយកូរ៉េខាងជើងនិងឆ្លើយតបវិញដោយមិនស្ទាក់ស្ទើឡើយ។
ការបាញ់បង្ហោះមីស៊ីលរយៈចម្ងាយខ្លីកាលពីថ្ងៃអាទិត្យបានកើតឡើងនៅពេលដែលក្រុងព្យុងយ៉ាងប្រារព្ធខួបនៃការស្លាប់របស់ឪពុករបស់មេដឹកនាំលោកគីម ជុងអ៊ុន និងអ្នកស្នងតំណែងមុនលោក គីម ជុងអ៊ីល ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១១។
ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាម៉េរិកបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បើទោះបីជាការបាញ់បង្ហោះនោះមិនបង្កការគំរាមកំហែងដល់ទឹកដីអាម៉េរិក ឬសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក៏ប៉ុន្តែវាបានបង្ហាញពី "ផលប៉ះពាល់អស្ថិរភាពនៃកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើង" ។
ប្រទេសកូរ៉េខាងជើងកាលពីឆ្នាំមុនបានប្រកាសខ្លួនឯងថាជាមហាអំណាចនុយក្លេអ៊ែរក្នុងតំបន់អាស៊ីហើយ ខ្លួននឹងមិនបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ កូរ៉េខាងជើងបានចាត់ទុកកម្មវិធីនុយក្លេអ៊ែរជាអាវុធចាំបាច់សម្រាប់ការពារប្រទេសរបស់ខ្លួន ។ហើយកាលពីខែមុន ទីក្រុងព្យុងយ៉ាងបានជោគជ័យក្នុងការដាក់ផ្កាយរណបចារកម្មយោធាទៅកាន់គន្លងតារាវិថី។ ចាប់តាំងពីពេលនោះមកកូរ៉េខាងជើងបានអះអាងថាភ្នែករបស់ខ្លួននៅលើមេឃកំពុងផ្តល់រូបភាពនៃទីតាំងយោធាសំខាន់ៗរបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង៕