ភ្នំពេញ៖ បុរសជនជាតិចិនដែលត្រូវបានចាប់ខ្លួននៅប្រទេសកម្ពុជាកាលពីថ្ងៃទី ១៧ ខែសីហា ត្រូវបានប៉ូលិសចិនសង្ស័យថា បានសម្លាប់ឪពុកម្តាយរបស់ខ្លួននៅក្នុងប្រទេសចិន។
យោងតាមការចុះផ្សាយសារព៌ត៏មានចិន ម្តាយរបស់បុរសជនជាតិចិននោះមានឈ្មោះ Chen Moqin គឺជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យក្វាងស៊ី ឪពុកឈ្មោះ Huang Mopu មានមុខរបរជាមេធាវី ។ ប្តីប្រពន្ធពីរនាក់នេះ ត្រូវបានសម្លាប់នៅក្នុងផ្ទះកាលពីថ្ងៃទី ៤ ខែសីហា។
ប៉ូលិសចិនសង្ស័យថាឃាតករគឺជាកូនប្រុសបង្កើតរបស់ជនរងគ្រោះ ដែលមានឈ្មោះ HUANG CHENYANG គេបានរត់គេចខ្លួនមកដល់ប្រទេសកម្ពុជា ក្រោយមកត្រូវបានចាប់ខ្លួន។
យោងតាមសារព៌ត៏មានចិន កូនប្រុសរបស់ជនរងគ្រោះធ្លាប់សិក្សានៅចក្រភពអង់គ្លេស ក្រោយពីត្រលប់មកដល់ប្រទេសចិនវិញ បានមានទំនាស់ជាមួយឪពុកម្តាយ ហើយឈានដល់សម្លាប់ឪពុកម្តាយរបស់ខ្លួនឯងយ៉ាងឃោឃៅ ។
យោងតាមរបាយការណ៏របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៣:០៥នាទី នគរបាលរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនជនជាតិចិន ០១នាក់ ឈ្មោះ HUANG CHENYANG ភេទប្រុស ឆ្នាំកំណើត១៩៩៨ កាន់លិខិតឆ្លងដែនលេខ EF9911835 តាមសំណើរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ពីបទមនុស្សឃាតនៅប្រទេសចិន។
ឈ្មោះ HUANG CHENYANG ត្រូវបានឃាត់ខ្លួននៅសណ្ឋាគារអូរឫស្សីទី១ ដែលមានទីតាំងនៅអាគារលេខ១៤ ផ្លូវ១១១ កែង១៩៨ ភូមិ៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។