Cctimesw1140xh150cm copy

អ្នកនេសាទនៅទន្លេចតុមុខរកចំណូលពីការ«លក់ត្រីធម្មជាតិ»បាន៥-១០ម៉ឺនរៀលក្នុង១ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ-អុីស្លាម នៅក្បែរតំបន់ត្រើយខាងកើតនៃសណ្ដាគារសុខា ដែលប្រកបរបបនេសាទត្រីជាច្រើនគ្រួសារ បាននឹងកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការនេសាទត្រីធម្មជាតិជាច្រើនប្រភេទ ដើម្បីដោះស្រាយជីវភាពគ្រួសារពីការខ្វះខាត។ ក្នុងនោះប្រជាពលរដ្ឋខ្មែរ-អុីស្លាមដែលប្រកបរបបរកត្រីបានអះអាងថា ត្រីដែលពួកគាត់រកបាននេះ គឺជាត្រីធម្មជាតិនឹងល្អៗ និងលក់បានចំណូលពី៥ម៉ឺនទៅ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។

លោក មើរ ម៉ាន ដែលជាអ្នកនេសាទត្រី បាននិយាយថា លោកតែងតែទៅនេសាទត្រី ជារៀងរាល់ថ្ងៃ ពោលគឺរស់នៅលើទូករហូតដើម្បីនេសាទយកត្រីមកលក់ឲ្យម៉ូយដែលគេមកយកផ្ទាល់ និងនៅថ្ងៃខ្លះលោកក៏ត្រូវដឹងទៅលក់ដោយខ្លួនឯង។ ហើយចំពោះប្រភេទត្រីទាំងអស់ដែលលោករកបាន មានដូចជាត្រីឆ្កោក ត្រីឆ្ពិន ត្រីចង្កែង ត្រីប្រា និងត្រីពោ ជាដើម។ ចំពោះត្រីទាំងនេះ សុទ្ធសឹងតែជាប្រភេទត្រីធម្មជាតិសុទ្ធ គឺមិនមានត្រីចិញ្ចឹមឡើយ ដោយត្រីទាំងអស់នេសាទបាននៅតំបន់នៃទន្លេចតុមុខ។

អ្នកនេសាទរូបនេះ បានបន្តថា សម្រាប់ការចេញទៅនេសាទត្រីនៅក្នុងមួយថ្ងៃគាត់អាចរកបានប្រាក់ពី ៥០,០០០ រហូតដល់ ១០០,០០០រៀល ក្នុងមួយថ្លៃ។ ហើយមុខរបបនេសាទត្រីនេះ បានជួយសម្រួលដល់ជីវភាពគ្រួសារបានមួយចំនួន ក្នុងការដោះស្រាយនូវបញ្ហាខ្វះខាតនៅក្នុងគ្រួសារ។

ចំណែកអ្នកស្រី សុស រ៉ហុីម៉ាស ដែលជាអ្នកនេសាទត្រី ក៏បានលើកឡើងដែរថា អ្នកស្រីតែងតែទៅរកត្រីជារៀងរាល់ថ្ងៃ ដោយចេញនេសាទចាប់ពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង ៥ព្រឹក ទើបយកត្រីមកលក់ម្ដង ដោយបោះឲ្យម៉ូយដែលគេមកទិញរាល់ថ្ងៃ។ ប្រភេទត្រីទាំងអស់ គឺសុទ្ធតែជាត្រីធម្មជាតិពិតៗមិនមានត្រីចិញ្ចឹមឡើយ។ ការនេសាទនេះ អ្នកស្រីប្រើឧបករណ៍មង ក្រឡា ៦ ឬក្រឡា ៧សម្រាប់នេសាទត្រី។ ត្រីដែលនេសាទបានភាគច្រើនជាប្រភេទត្រីឆ្កោក ត្រីឆ្ពិន ត្រីចង្កែង។

គួរបញ្ជាក់ថា អ្នកនេសាទនៅទន្លេចតុមុខតែងតែបន្តការប្រកបរបបនេសាទត្រីធម្មជាតិជារៀងរាល់ថ្ងៃ បើទោះបីដឹងថារបបនេះមានបញ្ហាប្រឈមខ្លាំង ដូចជា ភ្លៀង ខ្យល់ យ៉ាងណាក៏ដោយ ព្រោះមុខរបបនេះពួកគាត់បានចាប់ផ្ដើមរកតាំងពីក្មេងៗ រហូតមកដល់បច្ចុប្បន្ននេះ។ ម្យ៉ាងទៀតក៏បានជួយដោះស្រាយនូវការលំបាករបស់ពួកគាត់ប្រចាំថ្ងៃផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង