Cctimesw1140xh150cm copy

វៀតណាម-ចិនចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងចំនួន ៣៦

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកស៊ីជិនភីង និង អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong

វៀតណាម៖ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងសមភាគីចិនលោក Xi Jinping បានធ្វើជាសាក្សីកាលពីថ្ងៃអង្គារក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣៦ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមទាំងសន្តិសុខ និងការអភិវឌ្ឍន៍ផ្លូវដែក។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា នៅក្នុងកិច្ចសន្ទនាមួយនៅទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការមជ្ឈិមបក្សក្នុងទីក្រុងហាណូយ លោក Trong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាលោក ស៊ី និងភរិយារបស់លោកគឺលោកស្រី Peng Liyuan ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមពីថ្ងៃអង្គារដល់ថ្ងៃពុធ។ បន្ទាប់ពីកិច្ចសន្ទនាថ្នាក់ខ្ពស់ លោក Trong និង Xi បានស្តាប់ការណែនាំឯកសារកិច្ចព្រមព្រៀងចំនួន ៣៦ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដែលត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។

ក្នុងចំណោមឯកសារទាំងនោះមានមួយចំនួន មានពាក់ព័ន្ធនឹងនយោបាយ និងកិច្ចការបរទេស ហើយឯកសារទាំងនោះត្រូវបានចុះហត្ថលេខារវាងគណបក្សប្រទេសទាំងពីរ និងអង្គភាពក្រសួងការបរទេស។ មួយចំនួនទៀតពាក់ព័ន្ធនឹងសន្តិសុខ និងការពារជាតិ ការទប់ស្កាត់ឧក្រិដ្ឋកម្ម កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងប្រព័ន្ធតុលាការ។ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការល្បាតរួមគ្នានៅលើសមុទ្រនៃឈូងសមុទ្រតុងកឹង ស្តីពីការការពារឧក្រិដ្ឋកម្ម និងកិច្ចព្រមព្រៀងស្តីពីការផ្ទេរមនុស្សដែលមានទោសដាក់ពន្ធនាគារក្នុងប្រទេសចិន-វៀតណាម។

ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការកសាងស្ពានឆ្លងទន្លេក្រហមនៅតំបន់ Bat Xat, Lao Cai, Vietnam-Basa, Yunnan, និងតំបន់មួយចំនួនទៀត។ ក្រសួងដឹកជញ្ជូនបានចុះហត្ថលេខាលើអនុស្សរណៈជាមួយគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការផ្លូវដែក ក៏ដូចជាអនុស្សរណៈជាមួយអគ្គនាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសចិន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការជំនួយសម្រាប់ការអភិវឌ្ឍផ្លូវដែកឆ្លងកាត់ព្រំដែន។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកទីបីរបស់លោក Xi ទៅកាន់ប្រទេសវៀតណាមក្នុងឋានៈជាអគ្គលេខាបក្ស និងជាប្រធានាធិបតីរបស់ប្រទេសចិន បានបង្ហាញពីចំណងមិត្តភាពរវាងវៀតណាម និងចិនកំពុងតែឈានដល់កម្រិតខ្ពស់មួយ ហើយក៏ជាដំណើរទស្សនកិច្ចធ្វើឡើងចំពេលវៀតណាម និងចិនប្រារព្ធខួបលើកទី ១៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលបង្ហាញពីក្តីស្រលាញ់ពិសេសរបស់លោក Xi ចំពោះប្រពៃណីមិត្តភាពរបស់ប្រទេសទាំងពីរ។

លោក Trong បានជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងក្លាយជាសញ្ញាសម្គាល់ថ្មីមួយ ដែលនាំទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរឡើងដល់កម្រិតខ្ពស់ថ្មី បំពេញនូវបំណងប្រាថ្នា និងផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់។ លោកបានអបអរសាទរប្រទេសចិន ក្រោមការដឹកនាំរបស់លោក Xi ដែលមានសមិទ្ធផលសំខាន់ៗជាច្រើនបន្ទាប់ពីសមាជជាតិលើកទី ២០ នៃបក្សកុម្មុយនិស្តចិន។ លោក Trong ជឿជាក់ថា បក្ស រដ្ឋ និងប្រជាជនចិននឹងសម្រេចបាននូវគោលដៅដែលបានកំណត់ដោយសមាជជាតិលើកទី២០។

លោក Trong បានឲ្យដឹងថា វៀតណាមបានខិតខំ និងសម្រេចបានលទ្ធផលសំខាន់ៗ និងទូលំទូលាយលើវិស័យជាច្រើន ក៏ដូចជាចែករំលែកនូវគោលដៅ និងទិសដៅរបស់វៀតណាម ដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ ដែលដើរតាមសង្គមនិយមនៅពាក់កណ្តាលសតវត្ស រួមជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាក់លាក់ផ្សេងទៀតសម្រាប់ឆ្នាំ ២០២៥ ឆ្នាំ ២០៣០ និង ២០៤៥ ដូចដែលបានកំណត់នៅក្នុងសមាជលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម។

ថ្នាក់ដឹកនាំវៀតណាមបានអះអាងថា គោលនយោបាយការបរទេសជាប់លាប់របស់បក្ស និងរដ្ឋគឺឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ លោកបានបន្ថែមថា វៀតណាមគឺជាមិត្ត ដៃគូដែលជឿទុកចិត្ត និងជាសមាជិកដែលមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ វៀតណាមចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនងរបស់ខ្លួនជាមួយចិនជាអាទិភាពចម្បង និងជាជម្រើសយុទ្ធសាស្ត្រ គាំទ្រការអភិវឌ្ឍន៍របស់ចិន និងការរួមចំណែកដល់សន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។

ទន្ទឹមនឹងនោះ លោក Xi បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងរយៈពេលជិត ៤០ ។ លោកជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយប្រធានបក្ស លោក Trong បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងសម្រេចបាននូវគោលដៅ និងបេសកកម្មដែលបានដាក់ចេញនៅមហាសន្និបាតលើកទី១៣។ លោកស៊ីបន្ថែមទៀតថា បក្ស រដ្ឋាភិបាល និងប្រជាជនរបស់ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ។

លោក Trong និងលោក Xi បានព្រមព្រៀងគ្នាថា ១៥ ឆ្នាំបន្ទាប់ពីវៀតណាម និងចិនបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០០៨ កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនមានការរីកចម្រើនជាវិជ្ជមាន និងគ្រប់ជ្រុងជ្រោយ ខណៈដែលទំនាក់ទំនងរវាងភាគីទាំងពីរនិងប្រទេសទាំងពីរបានបន្តពង្រីក និងស៊ីជម្រៅ។ភាគីទាំងពីរបានឯកភាពជំរុញការជឿទុកចិត្តផ្នែកនយោបាយ បង្កើនការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋាភិបាលតាមទម្រង់ផ្សេងៗ។

គួរបញ្ជាក់ថាប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ស្របពេលដែលវៀតណាមគឺជាដៃគូធំបំផុតរបស់ចិននៅក្នុងអាស៊ាន។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឈានដល់ ១៧៥,៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយការនាំចេញរបស់វៀតណាមឈានដល់ ៥៧,៧ ពាន់លានដុល្លារ ហើយការនាំចូលឈានដល់ ១១៧,៨៧ ពាន់លានដុល្លារ។ រហូតមកដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣នេះ ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី 6 ក្នុងចំណោម 143 ប្រទេស និងដែនដីដែលមានការវិនិយោគដ៏ធំបំផុតមួយនៅវៀតណាម ជាមួយនឹងគម្រោងសកម្មចំនួន ៤,១០៥ និងមានដើមទុនចុះបញ្ជីសរុបជាង ២៦,៥ ពាន់លានដុល្លារ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង