.png?1702441320)
សៀមរាម៖ រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣ ជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ រៀបចំឡើងដើម្បីអបអរសាទរការរំលឹកខួបលើកទី៣១ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណព្រះលានជល់ដំរី។
ព្រឹត្តិការណ៍រាត្រីចងចាំ លើកទី៤ ប្រព្រឹត្តទៅនាថ្ងៃទី១៤ ធ្នូ នៅបរិវេណព្រះលានជល់ដំរី ចាប់ពីម៉ោង ៥ល្ងាចតទៅ។ ព្រឹត្តិការណ៍នេះ នឹងមានការបង្ហាញជូននូវទស្សនីយភាពសិល្បៈចម្រុះដ៏សម្បូរបែបរួមមាន របាំបុរាណ ល្ខោនយីកេ ល្ខោនទំនើបចម្រុះ ការបង្ហាញម៉ូតសម្លៀកបំពាក់ខ្មែរដ៏ប្រណិត ការប្រគំតន្ត្រីសម័យច្នៃបែបទំនើប ដោយមានការចូលរួមពីសិល្បករ សិល្បការិនីនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ព្រមទាំងតារាចម្រៀង តារាសម្ដែង និងតារាបង្ហាញម៉ូតល្បីៗនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើឱ្យកក្រើកជាថ្មីលើទឹកដីអង្គរ។
សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍រាត្រីចងចាំ ជាព្រឹត្តិការណ៍មួយ ហាក់ដូចបានរម្លឹកកូនខ្មែរគ្រប់ជំនាន់ ត្រូវចងចាំនឹងមានកាតព្វកិច្ចត្រូវគោរពដឹងគុណនូវស្នាដៃរបស់ដូនតា ព្រោះថាការដឹងគុណ ជាគុណធម៌របស់មនុស្ស ហើយការដឹងគុណដល់បុព្វបុរសជាតិដែលបានធ្វើពលិកម្មសម្រាប់យើងទាំងអស់គ្នា គឺជាតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់មនុស្សគ្រប់ៗគ្នាទាំងកម្ពុជានិងទូទាំងសកលលោក៕



