កូរ៉េខាងត្បូង៖ យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះនៅថ្ងៃទី១១ ធ្នូនេះ ក្នុងប្រទេសកូរ៉េខាងត្បូង អំឡុងពេលកំពុងធ្វើការហ្វឹកហាត់ ដោយអ្នកបើកបរត្រូវបានជួយសង្គ្រោះ បន្ទាប់ពីបានទម្លាក់ខ្លួនចេញពីក្នុងយន្តហោះទាន់ពេលវេលា ការធ្លាក់ចុះនេះដោយសារបញ្ហាបច្ចេកទេសរបស់យន្តហោះនិងគ្រឿងចក្រមានបញ្ហាមួយចំនួន។
យោងតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុងបានចេញផ្សាយថា យន្តហោះ F-16 នេះ បានធ្លាក់ចូលទៅក្នុងទឹកបន្ទាប់ពីហោះចេញពីមូលដ្ឋានទ័ពអាកាសនៅតំបន់ Gunsan ចម្ងាយ ១៧៨ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងសេអ៊ូល។ ចំពោះមន្ត្រីកងកម្លាំងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ដែលជាអ្នកមើលការខុសត្រូវទៅលើទាហានអាម៉េរិកដែលមានមូលដ្ឋាននៅភាគខាងត្បូង មិនទាន់អាចបញ្ជាក់ពីបញ្ហានូវកំហុសបច្ចេកបែបណានោះទេ។ ចំណែកកាលពីខែឧសភា យន្តហោះចម្បាំង F-16 របស់អាម៉េរិក ក៏ធ្លាប់បានធ្លាក់អំឡុងពេលសមយុទ្ធហ្វឹកហាត់ជាប្រចាំ នៅក្នុងតំបន់កសិកម្ម ភាគខាងត្បូងនៃទីក្រុងសេអ៊ូលផងដែរ។ សហរដ្ឋអាម៉េរិក ជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់កូរ៉េខាងត្បូង និងមានទាហាន ចំនួនជាង ២៨,៥០០ នាក់ឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីជួយការពារកូរ៉េខាងត្បូងពីការឈ្លានពាន និងបង្កហេតុណាមួយរបស់កូរ៉េខាងជើង៕