វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានអំពាវនាវ ឱ្យទីក្រុងប៉េកាំងបញ្ឈប់សកម្មភាព "គ្រោះថ្នាក់ និងអស្ថិរភាព" របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ បន្ទាប់ពីទូកហ្វីលីពីន និងកប៉ាល់ឆ្មាំឆ្នេរសមុទ្រចិនបានបុកគ្នានៅជិតថ្មប៉ប្រះទឹកកាលពីពេលថ្មីៗនេះ។ប្រទេសទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកបន្ទាប់ពីឧប្បត្តិហេតុកាលពីដើមថ្ងៃអាទិត្យដែលជាការប្រឈមមុខដាក់គ្នាចុងក្រោយបំផុតនៅក្នុងសមុទ្រដែលកំពុងតែមានជម្លោះ។
ការប៉ះទង្គិចគ្នានេះបានកើតឡើងក្នុងអំឡុងពេលបេសកកម្មផ្គត់ផ្គង់របស់ហ្វីលីពីនទៅកាន់យោធភូមិតូចមួយនៅលើតំបន់ Second Thomas Shoal ក្នុងប្រជុំកោះ Spratly ដែលជាចំណុចរស៊ើបរវាងទីក្រុងម៉ានីល និងប៉េកាំង។នៅថ្ងៃកើតហេតុនោះ កប៉ាល់ចិន "បានប្រើកាណុងបាញ់ទឹក និងសមយុទ្ធដោយមិនប្រុងប្រយ័ត្ន រួមទាំងការបង្ខំឱ្យបុកគ្នា បណ្តាលឱ្យខូចខាតដល់នាវាហ្វីលីពីន ដែលបំពេញបេសកកម្មផ្គត់ផ្គង់ជាផ្លូវការទៅកាន់ទីតាំងទាំងនោះ និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពនាវិកហ្វីលីពីន" ដែលបានបង្កឲ្យមានបញ្ហាកាន់តែក្តៅទៅៗរវាងប្រទេសទាំងពីរ។
ភាពតានតឹងរយៈពេលវែងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំងលើសមុទ្របានផ្ទុះឡើងក្នុងប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីឧប្បត្តិហេតុជាច្រើនពាក់ព័ន្ធនឹងនាវាហ្វីលីពីន និងចិន រួមទាំងការប៉ះទង្គិចគ្នាពីរលើកមុន។ប្រទេសចិនទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង រួមទាំងដែនទឹក និងកោះនៅជិតច្រាំងនៃប្រទេសជិតខាងរបស់ខ្លួន ហើយបានព្រងើយកន្តើយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដែលថាការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់។ចិនក៏បានដាក់ពង្រាយកប៉ាល់ជាច្រើនដើម្បីល្បាតតាមផ្លូវទឹក និងបានសាងសង់កោះសិប្បនិម្មិតដែលខ្លួនបានធ្វើយោធា ដើម្បីពង្រឹងការទាមទាររបស់ខ្លួន៕