ចិន៖ អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក ស៊ីជិនភីង និងភរិយារបស់លោកស្រី Peng Liyuan នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែធ្នូ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងភរិយា ព្រមទាំងប្រធានរដ្ឋ Vo Van Thuong និងភរិយា នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការមជ្ឈិមបក្សសម្រាប់ទំនាក់ទំនងខាងក្រៅរបស់បក្សកុម្មុយនិស្តវៀតណាមបានចេញផ្សាយ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងចំពេលចិនបានប្រារព្ធខួបលើកទី ១៥ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ហើយនេះក៏នឹងជាដំណើរទស្សនកិច្ចលើកទី៣របស់លោក ស៊ី ទៅកាន់ប្រទេសវៀតណាម ក្នុងនាមជាអគ្គលេខាធិកាបក្ស និងជាប្រធានាធិបតីចិន។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ខណៈដែលវៀតណាមគឺជាដៃគូធំបំផុតរបស់ចិននៅក្នុងអាស៊ាន។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឈានដល់ ១៧៥.៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលក្នុងនោះការនាំចេញរបស់វៀតណាមមានចំនួន ៥៧.៧ ពាន់លានដុល្លារ និងការនាំចូលចំនួន ១១៧.៨៧ ពាន់លានដុល្លារ៕