
ភ្នំពេញ៖ ក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យា ការផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាពរវាងក្រុមហ៊ុនអេមរុ រ៉ាយស៍ (AMRU Rice) ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា និងសហគមន៍កសិកម្មចំនួន២២ មានទីតាំងនៅក្នុងខេត្តកំពង់ចាម ខេត្តកំពង់ធំ និងសៀមរាប ដែលមានសមាជិកសរុបចំនួន ១៥១៦គ្រួសារ មានវិសាលភាពផលិតស្រូវបានចំនួន ៥៥៣៦តោន បានទទួលនូវទីផ្សារផលិតនិងផ្គត់ផ្គង់ស្រូវនិរន្តរភាព ពីការចុះកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យាតាំងពីថ្ងៃចុះកិច្ចសន្យាជាមួយក្រុមហ៊ុននាំចេញអង្គរ ។
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សហគមន៍ទាំង ២២នោះ ត្រូវបានរៀបចំឡើង ក្រោមអធិបតិភាព លោក ព្រីម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ នាបរិវេណនៃរោងម៉ាស៊ីនកិនស្រូវ អេមរុរ៉ាយស៍ (AMRU Rice) នៅក្នុងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ ក្នុងសមាជិកសហគមន៍សរុបចំនួន ១៥១៦គ្រួសារ មានទីតាំងនៅក្នុងខេត្តកំពង់ចាម ខេត្តកំពង់ធំ និងសៀមរាប បានទទួលនូវទីផ្សារផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព ពីការចុះកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុននាំចេញអង្គរ ដែលសហគមន៍ទាំង២២នេះ មានវិសាលភាពផលិតស្រូវបានចំនួន ៥៥៣៦តោន លើផ្ទៃដីដែលអាចដាំដុះស្រូវ ចំនួន២៣០៣ ហិកតា។
លោក ព្រីម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានបញ្ចេញចំណាប់អារម្មណ៍ក្នុងការបើកកម្មវិធីទៅលើពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម ដោយថ្លែងថា « ថ្ងៃនេះ ខ្ញុំគិតថា ការប្រមូលទិញស្រូវពីសហគមន៍ទាំង២២ ដែលត្រូវផលិតស្រូវជាង៥០០០តោន គឺជាចំនួនច្រើនណាស់។ នេះជាការជួយដល់បងប្អូនមួយចំណែកធំ»។
មិនតែប៉ុណ្ណោះ លោកអភិបាលរងពិតជាមោទនាភាពជំនួសឱ្យកសិករ ក្នុងឱកាសក្នុងការចុះកិច្ចសន្យាផលិតកម្មកសិកម្មជាមួយនឹងក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលនឹងជាការបម្រើផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ពោលគឺជាការធានាទាំងចំពោះក្រុមហ៊ុន និងចំពោះសហគមន៍។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់ថា «សម្រាប់ព្រឹត្តិការណ៍ដ៏មានសារសំខាន់ណាស់នៃការចុះកិច្ចសន្យានេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជម្រុញ និងការធ្វើពាណិជ្ជកម្មស្រូវ-អង្ករ ប្រកបដោយនិរន្តភាព និងចូលរួមចំណែកក្នុងគោលនយោបាយជម្រុញការនាំចេញអង្ករកម្ពុជា ទោះបីជាបរិមាណផ្គត់ផ្គង់ស្រូវនៅថ្ងៃនេះត្រឹមតែជាង ៥០០០តោន តែវានឹងក្លាយទៅជាកម្មវិធីគំរូសម្រាប់បណ្ដារោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនអ្នកនាំចេញ និងសហគមន៍កសិករផ្សេងៗទៀត នៅតាមបណ្ដាលខេត្តផ្សេងទៀតក្នុងការអនុវត្តនូវកិច្ចសន្យាផលិតកម្មកសិកម្ម និងការចូលរួមកម្មវិធីស្រូវ-អង្ករប្រកបដោយនិរន្តភាព»។
លោកប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ ក៏បានលើកទឹកចិត្តដល់សហគមន៍កសិកម្ម ដែលដើម្បីក្លាយខ្លួនជាសហគមន៍ និងជាកសិករជោគជ័យបានគឺត្រូវប្រែក្លាយពីកសិករធម្មតា ទៅជាសហគ្រិនកសិករដែលអាចគ្រប់គ្រង និងទទួលបាននូវ៖ ១. ទីផ្សារ ២. បច្ចេកទេសគាំទ្រពីអង្គការដៃគូ និង៣. កញ្ចប់ថវិកា ឬឥណទានសមស្របពីធនាគារ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន បានថ្លែងថា កំណើននៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នារយៈពេលចុងក្រោយនេះ ធ្វើឱ្យអាចឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញអង្ករ ១លានតោននៅពេលខាងមុខ ដែលការផលិតស្រូវប្រកបដោយនិរន្តរភាព គឺស្មារតីចម្បងនៃទិសដៅផែនការ ដែលសហព័ន្ធស្រូវអង្ករកម្ពុជាបាន និងកំពុងបន្តដាក់ចេញ។
គួរបញ្ជាក់ផងដែរថា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ គេបានប្រារព្ធធ្វើការចុះកិច្ចសន្យាផលិតកម្មតាមកិច្ចសន្យារវាងសហគមន៍ចំនួន៨ លើបរិមាណផ្គត់ផ្គង់ និងទទួលទិញស្រូវចំនួន ១៨០០០តោន ហើយនៅចុងខែសីហា ឆ្នាំ២០២០នេះ នឹងមានចុះកិច្ចសន្យាសម្រាប់សហគមន៍ចំនួន ៥០ទៀតលើបរិមាណស្រូវនិរន្តភាព ប្រមាណជាង ១០០០០តោនជាមួយសហគមន៍កសិកម្មមកពីខេត្តព្រះវិហារ កំពត កំពង់ឆ្នាំង តាកែវ និងមណ្ឌលគីរី ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ។