បន្ទាយមានជ័យ៖ បរិស្ថានសាលាមត្តេយ្យសិក្សាធនធានកកោះ កាលពីមុន គឺគ្មានអ្វីសោះ ក្រៅពីអគារសិក្សាមួយខ្នង ដែលសូម្បីតែទីធ្លាសាលាមានតែស្មៅ ស្មៅកន្ដ្រើយ និងគ្មានការរៀបចំអ្វីទាំងអស់សម្រាប់កុមារតូច។ ដូច្នេះគណៈគ្រប់គ្រងសាលា និងអ្នកគ្រូនៅសាលាមត្តេយ្យនេះ បានរៀបចំរិស្ថានសាលាឱ្យបានស្រស់ស្អាត មានទាំងផ្ទាំងអក្សរខ្មែរ និងអង់គ្លេស នៅបរិវេណសាលា សួនច្បារ ដើមឈើ និងអាហារដ្ឋាន ជាដើម។ ហើយការរៀបសាលាបែបនេះ មិនមែនដើម្បីឱ្យបរិស្ថានសាលាមានភាពស្រស់ស្អាតតែម្យ៉ាងនោះទេ ប៉ុន្ដែគឺដើម្បីទាក់ទាញកុមារចូលរៀននៅថ្នាក់មត្តេយ្យសិក្សា ដោយសារនៅក្នុងសហគមន៍នេះមិនមានកុមារច្រើនឡើយ ដែលបានចុះឈ្មោះចូលរៀន។
សាលាមត្តេយ្យសិក្សាធនធានកកោះ មានទីតាំងស្ថិតនៅភូមិកកោះ ឃុំថ្មក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សាលានេះមានចម្ងាយប្រមាណ១៨គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ។ សាលាមត្តេយ្យសិក្សាធនធានកកោះ ឋិតនៅជាមួយសាលាបឋបសិក្សាកកោះ ប៉ុន្ដែនៅក្នុងឆ្នាំ២០១៥ ក្រសួងអប់រំ បានសាងសង់អគារសិក្សាមួយខ្នង មានចំនួន៥បន្ទប់ សម្រាប់ថ្នាក់មត្តេយ្យសិក្សា។ ដូច្នេះនៅក្នុងឆ្នាំ២០១៨ សាលាមត្តេយ្យសិក្សាធនធានកកោះ ក៏បានផ្ដាច់ខ្លួនចេញពីសាលាបឋមសិក្សាកកោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានស៊ីស៊ីថាម អ្នកគ្រូ គុយ ម៉ារី នាយិកាសាលាមត្តេយ្យសិក្សាធនធានកកោះ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៨ កុមារនៅក្នុងសហគមន៍ចុះឈ្មោះចូលរៀន មានចំនួន១២៥នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ននេះសិស្សនៅថ្នាក់មត្តេយ្យសិក្សាមានប្រមាណជាង ២០០នាក់ ហើយនៅក្នុងឆ្នាំសិក្សា២០២២-២០២៣ សាលាមត្តេយ្យសិក្សាធនធានកកោះ មានសិស្សចំនួន ២៣១នាក់ ក្នុងនោះមានកុមារីចំនួន១១០នាក់។ ចំនួនសិស្សមានកើនឡើង ដែលធ្វើឱ្យខ្វះបន្ទប់សិក្សា រហូតដល់សាលាខ្ចីបន្ទប់សិក្សាចំនួន៣បន្ទប់ ពីសាលាបឋមសិក្សាកកោះ ដើម្បីឱ្យមានបន្ទប់សិក្សាគ្រប់គ្រាន់សម្រាប់កុមារ។
ក្នុងនាមជាគណៈគ្រប់គ្រងសាលា អ្នកគ្រូ គុយ ម៉ារី បានពិភាក្សាជាមួយគ្រូបង្រៀននៅថ្នាកមត្តេយ្យសិក្សា ធ្វើយ៉ាងណាដើម្បីឱ្យកុមារបានចូលសាលា ក៏ដូចជាឱ្យមាតាបិតា និងអាណាព្យាបាលសិស្ស យល់ដឹងពីសារៈសំខាន់នៃការអប់រំកុមារតូច។ ដោយសារតែប្រជាពលរដ្ឋនៅក្នុងសហគមន៍យល់ឃើញថា ការសិក្សានៅថ្នាក់មត្តេយ្យសិក្សា មានតែការលេង ច្រៀង និងរាំ ដែលគ្មានប្រយោជន៍សម្រាប់កុមារទាល់តែសោះ។
បន្ទាប់មកនៅក្នុងឆ្នាំ២០១៨ សាលាមត្តេយ្យសិក្សាធនធានកកោះ ចាប់ផ្ដើមរៀបចំបរិស្ថានសាលា តាំងពីគ្មានដើមឈើ រហូតដល់មានដើមឈើផ្ដល់ម្លប់ត្រឈឹងត្រឆៃ និងខ្យល់អាកាសបរិសុទ្ធ។ បន្ថែមពីនេះ សាលាក៏បានរៀបចំឱ្យមានសួនច្បារ រូបផ្កាដែលមានអក្សរខ្មែរ និងអង់គ្លេស និងរោងអាហារផងដែរ។ រោងអាហារ មានទំហំ ១៦x១១ម ហើយសាលាបានកែច្នៃទៅជាផ្ទះបាយ កន្លែងក្មេងលេង កន្លែក្មេងញ៉ាំអាហារ និងជាសាលប្រជុំ។ កាលដែលសាលារៀបចំឱ្យមានផ្ទាំងទាំងភាសាខ្មែរនិងភាសាអង់គ្លេស ដោយសារសាលាមានគម្រោងបង្កើតថ្នាក់ភាសាអង់គ្លេសសម្រាប់កុមារ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ។
អ្នកគ្រូ គុយ ម៉ារី បានឱ្យដឹងទៀតថា ថវិកាដែលចំណាយលើការរៀបចំនេះអស់ជាង៤០លានរៀល ជាថវិការដ្ឋ ប្រជាពលរដ្ឋ និងសប្បុរសជន។ ថវិកាដែលចំណាយលើការរៀបចំនេះ មិនច្រើននោះទេ អ្វីដែលចំណាយច្រើនគឺកម្លាំងពលកម្ម ដោយមានការជួយពីអ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍។ បើទោះជាការរៀបចំនេះចំណាយថវិកាអស់ត្រឹមតែជាង៤០លានរៀល ប៉ុន្ដែលទ្ធផលដែលទទួលបានក៏ច្រើន ដូចជា ការចាក់បេតុង ផ្ទះបាយធំទូលាយ សួនច្បារ ដើមឈើ និងការតុមតែងផ្សេងៗ ទៀត។ ការរៀបចំបរិស្ថានសាលាមត្តេយ្យនេះ ទើបតែបានប្រមាណ៦០%ប៉ុណ្ណោះ និងនៅមានការរៀបចំជាច្រើនបន្ដទៀតសម្រាប់កុមារ។ កន្លែងដែលត្រូវរៀបចំបន្ដមាន រោងអាហារ ត្រូវរៀបចំឱ្យមានភាពទាក់ទាញ មានទាំងរុក្ខជាតិ អក្សរដែលកុមារអាចរៀននៅទីនេះបាន ពាក្យស្លោក និងបណ្ណាល័យ ជាដើម។
បើតាមការឱ្យដឹងរបស់អ្នកគ្រូ គុយ ម៉ារី នៅពេលបរិស្ថានសាលាផ្លាស់ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនសិស្សចូលរៀនមានការកើនឡើងជារៀងរាល់ឆ្នាំ តាំងពីសិស្សចំនួន១២៥នាក់ រហូតដល់មានសិស្សជាង២០០នាក់។ សិស្សចាប់ផ្ដើមកើន ដោយសាបរិស្ថានខាងក្រៅថ្នាក់រៀនបានទាក់ទាញកុមារ នៅពេលពួកគេមកដល់សាលា ពួកគេមិនចង់ត្រឡប់ទៅផ្ទះវិញនោះទេ ពួកគេនៅលេងនៅទីធ្លាសាលា សប្បាយជាមួយបរិស្ថានដ៏ស្រស់ស្អាត និងរត់លេងនៅសួនច្បារ ជាដើម។
បន្ថែមលើកម្មវិធីសិក្សារបស់ក្រសួងអប់រំ សាលាក៏មានបញ្ចូលនូវថ្នាក់សិក្សារបាំ បំណិនជីវិតងាយៗ ដូចជា សម្អាតស្មៅ និងដាំបន្លែ តាមរយៈការចូលរួមសកម្មភាពជាមួយសាលា ដើម្បីបណ្ដុះគំនិតកុមារឱ្យស្រឡាញ់បរិស្ថាន និងសុខភាពរបស់ពួកគេ។ នៅពេលពួកគេញ៉ាំអាហាររួច សាលាបានបង្រៀនឱ្យពួកគេមានទំនួលខុសត្រូវចំពោះសម្រាមរបស់ខ្លួន និងចេះទុកដាក់សម្រាមដោយខ្លួនឯង។ ជាពិសេសសាលាក៏បានបង្រៀនកុមារឱ្យចេះធ្វើអនាម័យដោយខ្លួនឯង ដូចជាលាងដៃ និងសម្អាតធ្មេញ ជាដើម។
អ្នកគ្រូ គុយ ម៉ារី បានបញ្ជាក់ថា សាលាក៏មានអាហារូបត្ថម្ភ ជាអាហារពេលព្រឹក និងអាហារសម្រន់ សម្រាប់កុមារ ព្រោះកុមារដែលពូកែ និងឆ្លាត ជាកុមារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់។ ជាពិសេសវិធីនេះបានធ្វើឱ្យកុមារបញ្ឈប់ការញ៉ាំអាហារខាងក្រៅដែលនាំឱ្យប៉ះពាល់ដល់សុខភាព។ ជាមួយគ្នានោះការរៀបចំឱ្យមានអាហារូបត្ថម្ភសម្រាប់កុមារ សាលាបានធ្វើតេស្ដកុមារ ដោយការថ្លឹងទម្ងន់ និងវាស់កម្ពស់ និងបានរកឃើញថាកុមារនៅក្នុងសាលាប្រមាណជាង៦០% មានបញ្ហាកង្វះអាហារូបត្ថម្ភ។
អាហារដែលសាលាផ្ដល់ឱ្យកុមារបរិភោគ មានបបរ បាយឆា នំបុ័ង និងអាហារផ្សេងទៀតផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ សម្រាប់អាហារពេលព្រឹក និងអាហារសម្រន់នៅម៉ោង១០ មានទឹកដោះគោ ផ្លែឈើ បង្អែមល្ពៅ និងចេកខ្វិះ ជាដើម។ អាហារដែលសាលារៀបចំឱ្យកុមារ សាលាមិនប្រើប្រាស់ចានស្នោ និងផ្លាស្ទិក នោះទេ។ នៅពេលផ្ដល់អាហារដល់ពួកគេបានរយៈបីខែ សាលាចាប់ផ្ដើមថ្លឹងទម្ងន់ និងវាស់កម្ពស់ម្ដងទៀត និងឃើញថាអាហារូបត្ថម្ភរបស់កុមារមានភាពល្អប្រសើរ ទោះមិនបានច្រើនតែយ៉ាងហោចណាស់មានកុមារប្រមាណ៥%បន្ថែមទៀត មានអាហារូបត្ថម្ភគ្រប់គ្រាន់។ សម្រាប់ថវិការៀបចំអាហារសម្រាប់កុមារ បានមកពីមាតាបិតា និងអាណាព្យាបាលសិស្ស ដោយពួកគេបង់បដិភាគ ២០០០រៀល សម្រាប់មួយថ្ងៃ ហើយពួកគេបង់ប្រចាំសប្ដាហ៍ ឬប្រចាំខែ ដោយសារប្រជាពលរដ្ឋនៅក្នុងសហគមន៍ មិនសូវមានជីវភាពល្អប្រសើរនោះទេ។ ហើយនៅក្នុងឆ្នាំសិក្សាថ្មីនេះ សាលានឹងចាប់ផ្ដើមផ្ដល់អាហារូបត្ថម្ភដល់កុមារនៅសប្ដាហ៍ក្រោយនេះ។
អ្នកគ្រូ គុយ ម៉ារី បាននិយាយថា បន្ទាប់ពីសាលាមានការផ្លាស់ប្ដូរ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅក្នុងសហគមន៍មានការផ្លាស់ប្ដូរឥរិយាបថរបស់ពួកគេ និងយល់ដឹងពីសារៈសំខាន់អំពីការអប់រំកុមារតូច ហើយថែមទាំងនាំកូនៗរបស់ពួកគេមកចុះឈ្មោះចូលរៀនថែមទៀតផង និងនៅមានកុមារតិចតួចបំផុតដែលមិនទាន់បានចុះឈ្មោះចូលរៀន ហើយសាលាមត្តេយ្យសិក្សាធនធានកកោះ កំពុងខិតខំប្រឹប្រែងធ្វើការលើរឿងនេះ។
សូមបញ្ជាក់ថា សាលាត្តេយ្យសិក្សាធនធានកកោះ មានទីតាំងស្ថិតនៅភូមិកកោះ ឃុំថ្មក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នសាលាត្តេយ្យសិក្សាធនធានកកោះ មានគ្រូបង្រៀនចំនួន៩នាក់ រួមទាំងនាយិកាសាលា ដែលជាស្រ្ដីទាំងអស់ ក្នុងនោះគ្រូក្របខណ្ឌមត្តេយ្យមានចំនួន ៣នាក់ គ្រូក្រមខណ្ឌបឋមចំនួន ២នាក់ និងគ្រូកិច្ចសន្យាចំនួន ៤នាក់៕