681 ezgif.com resize
Swift cc time

មនុស្សជាង២ម៉ឺននាក់ត្រូវបានសម្លាប់ ក្នុងសង្រ្គាមប៉ាឡេស្ទីន-អ៊ីស្រាអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អ៊ីស្រាអែល៖ ចំនួនអ្នកស្លាប់ដោយសារជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលដែលកំពុងបន្តបានកើនលើសពី ១៧,៣០០ នាក់ នេះបើយោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយដោយភាគីទាំងពីរ។ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនបានកើនឡើងដល់ ១៥,៨៩៩ ដោយគិតចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក។ លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាលនៃប៉ាឡេស្ទីនបានអះអាង ថាចំនួនអ្នករងរបួសបានកើនឡើងដល់ជាង ៤២,០០០ នាក់ ខណៈដែលជនរងគ្រោះ ៧០ភាគរយជាកុមារ និងស្ត្រី។

លោក Al-Qedra បានចោទប្រកាន់អ៊ីស្រាអែលថាបានបង្កើនគោលដៅរបស់ខ្លួនទៅលើមន្ទីរពេទ្យ និងកន្លែងថែទាំសុខភាព ដោយអ៊ីស្រាអែលបានបំផ្លាញស្ថាប័នសុខាភិបាលចំនួន ៥៦ ចាប់ខ្លួនបុគ្គលិកពេទ្យចំនួន ៣៥ នាក់ និងបានធ្វើឱ្យប្រព័ន្ធសុខាភិបាលនៅតំបន់ហ្គាហ្សាមានបញ្ហាប្រឈមទាំងស្រុង។លោក Al-Qedra បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក (WHO) ការពារមន្ទីរពេទ្យ និងផ្តល់ផ្លូវសុវត្ថិភាពសម្រាប់ការចូលនៃការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងប្រេងឥន្ធនៈបន្ថែមទៀតដល់ប៉ាឡេស្ទីន។

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងផងដែលថាមាន មនុស្ស២៤២នាក់ត្រូវបានសម្លាប់នៅតំបន់ West Bank គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា។ទិន្នន័យពីប្រទេសអ៊ីស្រាអែលបានបង្ហាញថាចំនួនអ្នកស្លាប់របស់ខ្លួនមានប្រហែល ១ ២០០ នាក់។

ការប្រយុទ្ធគ្នាបានបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីបទឈប់បាញ់រយៈពេលប្រាំពីរថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃចន្ទបានបង្កើនការវាយលុកលើដីរបស់ខ្លួននៅតំបន់ហ្គាហ្សាភាគខាងត្បូង។ យោងតាមរបាយការណ៍ដែលបានបញ្ជូនត្រឡប់មកវិញពីជួរមុខដោយអ្នកឆ្លើយឆ្លងព័ត៌មាន China Media Group (CMG) រថក្រោះអ៊ីស្រាអែលរាប់សិបគ្រឿងបានចូលទីក្រុង Gazan ភាគខាងត្បូងនៃក្រុង Khan Younis នៅព្រឹកថ្ងៃច័ន្ទ ជាកន្លែងដែលសំឡេងផ្ទុះខ្លាំងៗ និងផ្សែងហុយខ្លាំងបានលេចចេញពីតំបន់ជម្លោះ។

អ្នកស្រុកមួយចំនួនធំនៅក្រុង Khan Younis បានភៀសខ្លួនទៅកាន់ទីក្រុង Rafah នៅព្រឹកថ្ងៃចន្ទ ខណៈដែលកងទ័ពអ៊ីស្រាអែលបានបញ្ជាក់យ៉ាងច្បាស់ថាទីក្រុងនេះនឹងក្លាយទៅជាសមរភូមិ ហើយបានព្រមានអ្នកស្រុកឱ្យជម្លៀសចេញជាបន្ទាន់។ ការភ័យខ្លាចបានគ្របដណ្ដប់នៅក្នុងសហគមន៍មួយចំនួននៅតំបន់ភាគខាងកើត និងខាងលិចនៃទីក្រុងនេះ បន្ទាប់ពីការព្រមានរបស់កងទ័ពអ៊ីស្រាអែល។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ជាច្រើន កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃច័ន្ទបានបើកការវាយប្រហារតាមអាកាសទៅលើសាលារៀនចំនួនពីរនៅភាគខាងកើតហ្គាហ្សាស្ទ្រីប ដែលជាកន្លែងស្នាក់នៅរបស់ជនភៀសខ្លួនមួយចំនួនធំ។ ការវាយប្រហារនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០ នាក់ ប៉ុន្តែរហូតមកដល់ពេលនេះមិនមានការឆ្លើយតបណាមួយពីអ៊ីស្រាអែលទេ។

កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃចន្ទបានបន្តការវាយប្រហារតាមអាកាសរបស់ខ្លួននៅទូទាំងតំបន់ហ្គាហ្សា។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃច័ន្ទថា កងកម្លាំងអាកាសអ៊ីស្រាអែលបានបន្តវាយប្រហារគ្រាប់រ៉ុក្កែត ឃ្លាំងអាវុធ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស់។

ជាការឆ្លើយតបក្រុមហាម៉ាស់បានបន្តបាញ់គ្រាប់រ៉ុក្កែតទៅលើអ៊ីស្រាអែលកាលពីថ្ងៃចន្ទដោយបានសម្លាប់កងកម្លាំងអ៊ីស្រាអែលមួយចំនួនធំថែមទៀតផង។ យោងតាមទីភ្នាក់ងារព័ត៌មាន TASS កងពលតូច Al-Qassam ដែលជាស្លាបយោធានៃក្រុមហាម៉ាស់ បាននិយាយថា ខ្លួនបានបើកការវាយប្រហារលើរថក្រោះអ៊ីស្រាអែលនៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប បានវាយប្រហារកងទ័ពអ៊ីស្រាអែលដោយកាំភ្លើងធំនៅភាគខាងត្បូងទីក្រុងហ្គាហ្សា និងបានវាយប្រហារលើរថយន្តយោធាអ៊ីស្រាអែលនៅក្នុងទិសដៅតំបន់ជាច្រើន។

មេបញ្ជាការកងរថពាសដែករបស់អ៊ីស្រាអែល លោក Hisham Ibrahim កាលពីថ្ងៃចន្ទ បានប្រាប់វិទ្យុកងទ័ពអ៊ីស្រាអែលថា ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាភាគខាងជើង ហៀបនឹងបញ្ចប់ ហើយកំពុងចាប់ផ្តើមពង្រីកសមយុទ្ធជើងគោកទៅកាន់ផ្នែកផ្សេងទៀតនៃតំបន់ហ្គាហ្សា។

ចំណែករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយកាលពីថ្ងៃចន្ទក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ត្រូវបានគេរំពឹងថានឹងបន្តក្នុងកម្រិតខ្លាំងនាពេលបច្ចុប្បន្នយ៉ាងហោចណាស់ពីរខែ។

ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយនិយាយថា លោកបានច្រានចោលការបែងចែក ការកាន់កាប់ ការផ្តាច់ខ្លួន ឬការដណ្តើមយកតំបន់ហ្គាហ្សាធ្វើជាទឹកដីអ៊ីស្រាអែល លោកអះអាងថាតំបន់ហ្គាហ្សា គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានរបស់ប៉ាឡេស្ទីន៕


Khcct banner

អត្ថបទទាក់ទង