Cctimesw1140xh150cm copy

អូស្ត្រាលីគាំទ្រការចូលរួមរបស់ពលរដ្ឋកម្ពុជា តាមរយៈការអនុវត្តគម្រោងគណនេយ្យភាពសង្គម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលី ធនាគារពិភពលោក គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.) និងអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា (WVI-C) នៅថ្ងៃទី០៤ធ្នូ ឆ្នាំ២០២៣នេះ បានប្រកាសបន្ថែមថវិកាបន្តរយៈពេលនៃការអនុវត្តគម្រោងគណនេយ្យភាពសង្គម (ISAF)។

គម្រោងអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម ដំណាក់កាលទី២ ISAF II (២០២៣-២០២៥) មានគោលបំណងជួយប្រជាពលរដ្ឋ ក្នុងការស្វែងយល់អំពីសេវាសាធារណៈ ដែលពួកគេមានសិទ្ធិនឹងទទួលបាន ព្រមទាំងផ្តល់សិទ្ធិអំណាចដល់ពួកគេ ក្នុងការផ្តល់មតិកែលម្អជាប្រចាំលើគុណភាពនៃសេវាសាធារណៈ ។

លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ “ការងារគណនេយ្យភាពសង្គម ជាផ្នែកមួយដ៏សំខាន់នៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់ការលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នារវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន”។

លោក ងី ច័ន្ទ្រផល បានបន្ថែមថា៖ “ដោយសហការជាមួយនឹងអង្គការជាតិ អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ យើងប្រាកដជាអាចធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈនៅមូលដ្ឋាន សម្រាប់កុមារ និងប្រជាពលរដ្ឋ រាប់លានគ្រួសារនៅទូទាំងប្រទេសកម្ពុជា ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១”។

លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “គម្រោងអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ នឹងបន្តបង្កើនទំនាក់ទំនងរវាងអ្នកផ្តល់សេវាសាធារណៈ និងអ្នកទទួលសេវាសាធារណៈ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ព្រមទាំងជួយអោយប្រជាជនកម្ពុជាទាំងអស់អាចមានលទ្ធភាពទទួលបានសេវាសាធារណៈផងដែរ។ យើងក៏សង្ឃឹមផងដែរ ថាដំណើរការនេះ នឹងជួយបង្កើនភាពជឿជាក់ និងភាពជាដៃគូនៅតាមថ្នាក់មូលដ្ឋាន”។

លោក ជេនេស អ៉ីម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា បានគាំទ្រការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គមតាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ យើងបានរួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃសេវាសាធារណៈសំខាន់ៗ ដូចជា សេវានៅមណ្ឌលសុខភាព សាលាបឋមសិក្សា និងសេវារដ្ឋបាលនៅឃុំ/សង្កាត់ជាដើម” ។

លោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ បានបន្ថែមថា៖ “ក្រោមជំនួយថវិកាបន្ថែមពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈធនាគារពិភពលោក យើងនឹងពង្រីកវិសាលភាពតំបន់ការងារគណនេយ្យភាពសង្គមជាមួយអង្គការដៃគូក្នុងស្រុក ដោយបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ ក្នុងឃុំគោលដៅសរុបចំនួន ១០៤៣ សាលាបឋមសិក្សាចំនួន ៤៦៣៣ និងមណ្ឌលសុខភាពចំនួន ៨២៦ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ៥ លាននាក់នៅត្រឹមឆ្នាំ ២០២៥” ។

គម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ ទទួលបានថវិកាហិរញ្ញប្បទានក្រោមគម្រោង “ភាពជាដៃគូរវាងប្រទេសអូស្រ្តាលី និងធនាគារពិភពលោក ដើមី្បលើកកម្ពស់បរិយាបន្ន និរន្តរភាព និងសមធម៌នៅកម្ពុជា” ដែលបានផ្តល់ហិរញ្ញប្បទានបន្ថែមដល់មូលនិធិបរធនបាលកិច្ចរបស់ធនាគារពិភពលោកចំនួន ១៥លានដុល្លាអូស្រ្តាលី។

ការពង្រឹង និងរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងដំណើរការ ដែលបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ នឹងពង្រឹងនូវតម្លាភាព និងកែលម្អគុណភាពសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង ស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង