វ៉ាស៊ីនតោន៖ សេតវិមានបានចេញការព្រមានដ៏ធ្ងន់ធ្ងរមួយកាលពីថ្ងៃចន្ទ ថា ជំនួយរបស់សហរដ្ឋអាម៉េរិកសម្រាប់អ៊ុយក្រែននឹងអស់នៅចុងឆ្នាំនេះ ហើយប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន អាចឈ្នះសង្រ្គាម ប្រសិនបើសភាមិនយល់ព្រមលើការផ្តល់មូលនិធិថ្មីៗ។
លោកស្រី Shalanda Young នាយកថវិការបស់ប្រធានាធិបតី Joe Biden បាននិយាយនៅក្នុងលិខិតមួយច្បាប់ទៅកាន់ប្រធានសភាសាធារណៈរដ្ឋលោក Mike Johnson ថា ប្រសិនបើជំនួយផ្នែកយោធាកាន់តែស្បើយទៅៗនោះការតបតរបស់អ៊ុយក្រែនលើរុស្សីនឹងមានផលលំបាកជាខ្លាំង ហើយរុស្សីអាចនឹងយកឈ្នះសង្រ្គាមជាមួយអ៊ុយក្រែន។ គណបក្សប្រជាធិបតេយ្យលោក Biden បានស្នើសុំសភាកាលពីខែតុលាសម្រាប់កញ្ចប់សន្តិសុខជាតិដ៏ធំចំនួន ១០៦ ពាន់លានដុល្លារ រួមទាំងជំនួយយោធាសម្រាប់អ៊ុយក្រែន និងសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ ប៉ុន្តែមូលនិធិនេះត្រូវបានជាប់គាំងបន្ទាប់ពីមានបញ្ហាផ្ទៃក្នុងមួយចំនួន។លោកស្រី Young បានគូសបញ្ជាក់ថា "មិនមានមូលនិធិថ្មីសម្រាប់អ៊ុយក្រែននោះទេសម្រាប់បច្ចុប្បន្ននេះ ថវិការជាតិកំពុងតែមានបញ្ហា"។
ចំណែកទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានឲ្យដឹងផងដែលថា ការបោះឆ្នោតប្រឆាំងនឹងជំនួយសម្រាប់អ៊ុយក្រែនគឺជាការបោះឆ្នោតប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កភាពងាយស្រួលដល់រុស្សីក្នុងការទទួលបានជោគជ័យ។ លោក Sullivan បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា "សភាត្រូវសម្រេចចិត្តថាតើត្រូវបន្តគាំទ្រការប្រយុទ្ធដើម្បីសេរីភាពក្នុងប្រទេសអ៊ុយក្រែន ឬយ៉ាងណា ៕